
ក្នុងចំណោមការរៀនបើកបររថយន្ត ឬប្រឡងយកបណ្ណបើកបរវគ្គដៃចង្កូតគឺមានវិញ្ញាសាផ្លូវឡើងទួលមួយដែលតម្រូវឲ្យបេក្ខជនត្រូវបើកឡើង និងមានផ្លាកសញ្ញាឲ្យឈប់រួចបន្តដំណើរទៀត។ មូលហេតុដោយសារស្ថានភាពផ្លូវជាក់ស្តែង គឺមានប្រភេទផ្លូវឡើងទួលបែបនេះច្រើនកន្លែងដែលអ្នកបើកបរប្រាកដជាត្រូវឆ្លងកាត់ជាមិនខាន និងត្រូវចេះពីរបៀបបើកបរប្រកបដោយសុវត្ថិភាព។
សម្រាប់ផ្លូវទួល ឬចំណោតក្នុងទីក្រុង គឺមានកន្លែងខ្លះដាក់ភ្លើងស្តុបឬតែងមានការកកស្ទះជារឿយៗ ហើយប្រសិនបើលោកអ្នកស្ថិតក្នុងស្ថានភាពនេះ គួរយល់ដឹងពីរបៀបបើកបរដូចខាងក្រោម៖

១. រក្សាគម្លាតឆ្ងាយបន្តិចពីរថយន្តខាងមុខ ដើម្បីបង្ការពីការរអិលថយក្រោយរបស់រថយន្តខាងមុខ ហើយនៅពេលចាប់ផ្តើមចេញបន្តដំណើរ គួរឲ្យរថយន្តខាងមុខ ចេញទៅឆ្ងាយបន្តិច ចាំអ្នកជាន់ហ្គែបន្តទៅមុខដែរ។
២. បើផ្លូវនោះចោទខ្លាំង ហើយរថយន្តដឹកធ្ងន់ គួរប្តូរចង្កឹះលេខពីD មកលេខទាបដែលជាលេខកម្លាំង ដើម្បីកុំឲ្យប្រអប់លេខប្រឹងធ្វើការខ្លាំង។
៣. ពេលកំពុងឈប់លើផ្លូវទួល ត្រូវជាន់ហ្វ្រាំងជាប់ ប៉ុន្តែនៅពេលដកជើងមកជាន់ហ្គែរវិញនោះកង់រថយន្តអាចរអិលថយក្រោយបន្តិច។ ដូច្នេះត្រង់ចំណុចនេះ គេអាចប្រើហ្វ្រាំងដៃជំនួយ។តិចនិចមួយទៀត គឺអាចប្រើជើងទាំងពីរព្រមគ្នាតែម្តង ជើងឆ្វេងជាន់ហ្វ្រាំង ជើងស្តាំត្រៀមជាន់ហ្គែរមានន័យថា ពេលហៀបនឹងបើកបរទៅមុខ អ្នកអាចបង្ហើបជើងឆ្វេងឈ្នាន់ហ្វ្រាំងបន្តិច ហើយជើងស្តាំជាន់ហ្គែរបន្តិចឲ្យបានព្រមគ្នាដើម្បីឲ្យរថយន្តទៅមុខ ដោយមិនឲ្យកង់រថយន្តរអិលមកក្រោយទាន់បានឡើយ។ យ៉ាងណាមិញ រថយន្តនាពេលបច្ចុប្បន្ននេះភាគច្រើនបានបំពាក់មុខងារជំនួយពេលបើកឡើងចំណោត Hill Start Assist ដែលវាជួយចាប់ហ្វ្រាំងអូតូមិនឲ្យរអិលកង់មកក្រោយនោះទេ មុនពេលយើងជាន់ហ្គែរឡើងទៅមុខ។
គួរបញ្ជាក់បន្ថែមដែរថា បើនិយាយពីសិទ្ធិអាទិភាពវិញ នៅត្រង់ផ្លូវឡើង ឬចុះទួលចង្អៀត គឺរថយន្តចុះទួលត្រូវឈប់ ដើម្បីទុកសិទ្ធិឲ្យរថយន្តឡើងទួលបានទៅមុន៕





















