មកដឹងយុទ្ធសាស្រ្តរបស់ Honda ដែលអាចប្រកួតតម្លៃ EV ជាមួយក្រុមហ៊ុនចិនបាន

ក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ជប៉ុន Honda បានជួបនូវការធ្លាក់ចុះនៃការលក់រថយន្តរបស់ខ្លួន ដោយសារតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ពីរថយន្តចិន​ដែលមានតម្លៃធូរថ្លៃ។

ដើម្បីឆ្លើយតប​នឹងស្ថានភាពដ៏អាក្រក់បែបនេះ Honda បានរកឃើញ​យុទ្ធសាស្រ្តមួយគឺការស្វែងរកទីតាំងផលិតថ្មី ដែលមានតម្លៃពលកម្ម និងថ្លៃដើមទាប ប៉ុន្តែប្រកបដោយសក្តានុពលខ្ពស់ នោះគឺការដាក់រោងច​ក្រ​ផលិតរថយន្តប្រទេសឥណ្ឌា។

កាលពីចុងខែតុលាកន្លងទៅ Honda ប្រកាសថា ខ្លួន​នឹង​ផលិតរថយន្តអគ្គិសនីសុទ្ធដែល​ជាម៉ូឌែលយុទ្ធសាស្រ្ត ​នៅប្រទេសឥណ្ឌា។ មិនតែប៉ុណ្ណោះ Honda នឹងប្រែក្លាយឥណ្ឌាឲ្យទៅជាមូលដ្ឋាននាំចេញ​រថយន្តអគ្គិសនីរបស់ខ្លួន​ ដោយគ្រោងចាប់ផ្តើមពីឆ្នាំ ២០២៧។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ក្នុងពិព័រណ៍យានយន្តមួយថ្មីៗនេះ Honda បានបញ្ចេញ​រថយន្តអគ្គិសនីគំរូ Honda 0 Alpha។ វាជា concept រថយន្តទី៣ បន្ទាប់ពី Honda 0 SUV គ្រោងចេញលក់ក្នុងឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និង Honda SALOON គ្រោងចេញលក់​ក្នុងឆ្នាំ២០២៧។

សម្រាប់ Honda O Alpha នឹងត្រូវផលិតនៅឥណ្ឌា ដើម្បីឲ្យរថយន្តមានតម្លៃទាប ហើយ​នឹងនាំចូលមកលក់ក្នុងទីផ្សារជប៉ុនវិញ។

គួរកត់សម្គាល់ដែរថា ការសម្រេចចិត្តរបស់ Honda ក៏បន្ទាប់ពីមើលឃើញនូវភាពជោគជ័យរបស់រថយន្តសាំង Honda WR-V ដែល​ផលិតនៅ​ឥណ្ឌា ហើយយកមកលក់នៅជប៉ុន ចាប់តាំងពីឆ្នាំ២០២៤មក។

ចំណែកឥណ្ឌាឯណោះវិញ ក៏មានមហិច្ឆតាកំណត់គោលដៅរថយន្តអគ្គិសនីឲ្យបាន ៣០% នៅលើទីផ្សារត្រឹមឆ្នាំ២០៣០។ កាលពីឆ្នាំ២០២៤ ឥណ្ឌា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងពិភពលោក ដែលលក់រថយន្តក្នុងប្រទេសបានដល់ជាង ៥លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម