ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មកស្គាល់រថយន្ត Range Rover មានតម្លៃថ្លៃបំផុតនៅលើពិភពលោក!

មកស្គាល់រថយន្ត Range Rover មានតម្លៃថ្លៃបំផុតនៅលើពិភពលោក!

នេះគឺជា Overfinch Holland & Holland Bespoke Commission, កំពូលរថយន្ត Range Rover ដ៏ពិសេស ដែលផលិតឡើងតែមួយគ្រឿងប៉ុណ្ណោះនៅលើពិភពលោក។រថយន្តនេះ គឺត្រូវបានច្នៃម៉ូដ និងអភិវឌ្ឍឡើងចេញពីគ្រោងឆ្អឹងរបស់រថយន្ត Range Rover SV ប្រភេទតួវែង ដោយការសហការគ្នារវាងក្រុមហ៊ុន Overfinch ដែលជាក្រុមហ៊ុនកែច្នៃរថយន្តប្រណីតរបស់អង់គ្លេស ជាមួយនឹងក្រុមហ៊ុន Holland & Holland ។

លក្ខណៈពិសេសរបស់រថយន្ត Range Rover មួយនេះ គឺត្រូវបានរចនាឡើងដោយមានតួខ្លួនខាងក្រៅពណ៌ខ្មៅលាយជាមួយនឹងពណ៌មាស ដោយអក្សរ “OVERFINCH” នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ ព្រមទាំងឡូហ្គោសញ្ញាសម្គាល់ផ្សេងៗ ត្រូវបានស្រោបដោយមាសសុទ្ធ ១៨ការ៉ាត់។ ចំពោះផ្នែកថាសកង់ រថយន្តនេះ គឺប្រើប្រាស់នូវថាសកង់ទំហំ ២៣ អ៊ីញ ឌីហ្សាញពិសេស ដែលមាននិមិត្តសញ្ញាអក្សរ H វិលមិនក្រឡាប់ដូចនឹងរថយន្ត Rolls-Royce ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ក្រៅពីនេះ សម្រាប់ផ្នែកកាប៊ីនខាងក្នុងវិញ ក៏ត្រូវបានរៀបចំឡើងដូចនឹងបន្ទប់ VIP របស់សណ្ឋាគារផ្កាយប្រាំផងដែរ ដោយគ្រឿងបរិក្ខាដូចជាពូក គឺប្រើប្រាស់នូវស្បែកលំដាប់ខ្ពស់ប្រភេទ Bridge of Weir leather ព្រមទាំងការប៉ាក់នូវរូបសត្វស្លាបនៅបង្អែកខាងក្រោយទៀតផង។ ចំណែកសម្រាប់ផ្នែកដៃចង្កូត និងចង្កឹះលេខវិញ ក៏ត្រូវបានស្រោបដោយឈើប្រភេទ French Walnut ព្រមទាំងវត្ថុធាតុដើមជាច្រើនដូចជាស្ពាន់, អាលុយមីញ៉ូម និងស្បែកផងដែរ។

ម្យ៉ាងទៀត សម្រាប់កៅអីជួរផ្នែកក្រោយរបស់រថយន្តនេះ ក៏ត្រូវបានរចនាជាប្រភេទ Business Class ដែលមាននូវតុដែលអាចបត់ដោយស្វ័យប្រវត្ត ព្រមទាំងទូទឹកកកសម្រាប់ក្លាសេស្រាសំប៉ាញផងដែរ។

ចំណុចពិសេសជាងគេវិញ គឺរថយន្តមួយនេះមានឃ្លុបផ្នែកខាងក្រោយដែលមាននូវថតសម្រាប់ដាក់ដបស្រា, ថតសម្រាប់ផ្ទុកសម្ភារៈផ្ទះបាយ និងមានឧបករណ៍បើកស្រាធ្វើពីស្នែងសត្វ ដែលអាចបម្រើអាហារសម្រាប់មនុស្សបានចំនួន ៨ នាក់ជាដើម។

គួរឲដឹងថា សម្រាប់រថយន្តមួយនេះ គឺដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ Twin-Turbo V8 អាចផលិតបាន ៦១៥ សេះ, ប្រើប្រាស់នូវប្រអប់លេខអូតូចំនួន ៨ វគ្គ ផ្គូរផ្គង់ជាមួយប្រព័ន្ធបើកបរប៉ុង ២, អាចជាន់ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៤ វិនាទី និងល្បឿនអតិបរមា ២៦០ គីឡូម៉ែត្រ/ម៉ោង។

សរុបមក រថយន្តមួយនេះ គឺត្រូវបានកុម្ម៉ង់ធ្វើឡើងជាពិសេសដោយមហាសេដ្ឋីម្នាក់ ដោយតម្លៃរបស់វាគឺមានតម្លៃខ្ទង់ ១,៣ លានដុល្លារអាមេរិក ធ្វើឲវាក្លាយជារថយន្ត SUV មានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Range Rover ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម