មកហើយ! BYD Xia តម្លៃខ្ទង់ ៤មុឺនដុល្លារ សាកម្តងរត់បាន ១៤៥គ.ម សុីប្រេង ៦,៥លីត្រ/១០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តប្រភេទ MPV ៧កៅអី ថ្មី គឺ BYD Xia  ជាមួយតម្លៃលក់ចាប់់ពី ៤០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ជំនាន់ទី៥ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថល អេក្រង់បញ្ជា touchsreen និងអេក្រង់កម្សាន្ត ដែលដំណើរការដោយប្រព័ន្ធ DiLink 150 Flyme Auto system រួមជាមួយប្រព័ន្ធសុវត្តិភាព DiPilot ADAS ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម