
នេះគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយរបស់បុរសជនជាតិអង់គ្លេសពីរនាក់ គឺលោក Ollie Jenks និង Seth Scott ដោយបានធ្វើដំណើរមួយ គឺបើកបររថយន្តកង់ ៣ ម៉ាក Reliant Robin ស៊េរីចាស់ឆ្នាំ ១៩៧០ មួយគ្រឿង ដែលពួកគាត់បានដាក់ឈ្មោះក្រៅថា Sheila ធ្វើដំណើរជាង ២២,៥០០ គីឡូម៉ែត្រ ពីទីក្រុងឡុង ឆ្ពោះទៅកាន់ទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូង។

មូលហេតុដែលគេចាក់ទុកការផ្សងព្រេងនេះជារឿងដ៏អស្ចារ្យនោះ គឺដោយសារតែឡានប្រភេទកង់ ៣ នេះ គឺជាឡានដែលមានភាពពិបាកក្នុងការបើកបរ។ ដូចនេះ ប្រសិនបើបើកមិនស្រួលនឹងក្រឡាប់ភ្លាមៗតែម្តង។

យ៉ាងណាក៏ដោយ បើទោះជាដឹងថា ការបើកបររថយន្តនេះមានគ្រោះថ្នាក់់ក៏ដោយ ប៉ុន្តែបុរសទាំងពីរនាក់នេះ ក៏នៅតែសម្រេចចិត្តធ្វើវាផងដែរ។ គោលបំណងនោះ គឺដើម្បីបំបែកកំណត់ត្រាពិភពលោក និងរៃអង្គាសថវិកាជួយដល់អង្គការសប្បុរសធម៌កុមារមួយឈ្មោះថា School in a Bag ។

ងាកមកការធ្វើដំណើររបស់ពួកគាត់វិញ ក្នុងដំណើរឆ្លងកាត់ ២២ ប្រទេស និងទ្វីបចំនួន ២ ក្នុងរយៈពេល ៤ ខែកន្លះនេះ គឺពោរពេញដោយគ្រោះថ្នាក់រាប់រយជំពូកឯណ្ណោះ។ ដោយឡានកង់បីនេះ បានរងការខូចខាតខ្ទេចខ្ទីជាបន្តបន្ទាប់ ធ្លាយប្រអប់លេខ និងផ្ទុះម៉ាស៊ីនជាដើម។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនដូចជា ការជាប់គាំងនៅក្នុងមួយចំនួនដែលកំពុងតែមានស្ថានភាពតានតឹងខ្លាំងផងដែរ។

សរុបមក បើទោះបីជាត្រូវជួបការលំបាក និងសឹងតែត្រូវឡានក្រុងបើកកិននៅលើផ្លូវក៏ដោយ ប៉ុន្តែនៅចុងក្រោយបុរសទាំងពីរនាក់នេះ ក៏បានសម្រេចនូវគោលដៅខ្លួន ដោយបាននាំយកឡានកង់ ៣ នេះទៅដល់គោលដៅដោយជោគជ័យផងដែរ៕
















