កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តស្ព័រអ៊ីតាលី Ferrari បានបង្ហាញម៉ូដែល 488 Pista ជាផ្លូវការ ដោយវាមានកម្លាំងខ្លាំងជាង , លឿនជាង និងមានទម្ងន់ស្រាលជាង Ferrari 488 GTB គួរឲ្យកត់សម្គាល់។ “Pista” គឺជាពាក្យក្នុងភាសាអ៊ីតាលី ដែលមានន័យថា “ផ្លូវ” (Track)។
រថយន្ត Ferrari 488 Pista ស្រាលជាង Ferrari 488 GTB ដល់ទៅ ៩០ គីឡូក្រាមឯណោះ ដោយមានទម្ងន់ត្រឹមតែ ១ ២៨០ គីឡូក្រាមប៉ុណ្ណោះ។ វាបំពាក់ម៉ាស៊ីនទំហំ ៨ ស៊ីឡាំងដែលមានកម្លាំងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត Ferrari គឺ ចំណុះ ៣,៩ លីត្រ Twin-Turbo ដែលផលិតបានកម្លាំង ៧១០ សេះ ពោលគឺច្រើនជាង ៥០ សេះ។
488 Pista ថ្មីនេះ អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេលតែ ២,៨៥ វិនាទីប៉ុណ្ណោះ (488 GTB ប្រើពេល ៣,០ វិនាទី) ខណៈជាន់ពី ០ ដល់ ២០០ គីឡូម៉ែត្រ ប្រើពេល ៧,៦ វិនាទី (488 GTB ប្រើពេល ៨,៣ វិនាទី) ហើយអាចរត់ដល់ល្បឿនអតិបរិមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង (ល្បឿនអតិបរិមារបស់ 488 GTB គឺ ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោង)។
មិនតែប៉ុណ្ណោះ Ferrari ក៏បានធ្វើឲ្យដំណើរការបើកបរមិនចាញ់ខ្យល់ (Aerodynamic Performance) របស់ 488 Pista កាន់តែប្រសើរ រហូតដល់ទៅ ២០ ភាគរយធៀបនឹង ម៉ូដែល 488 GTB ទាំងនៅលើផ្លូវប្រណាំង និងផ្លូវធម្មតា៕