ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Porsche បានបញ្ចេញរបាយការណ៍នៃការលក់នៅទូទាំងសកលលោកប្រចាំឆ្នាំ ២០២០ ដែលបញ្ជាក់បានថាជំងឺកូវីដ១៩ មិនបានប៉ះពាល់ដល់ការលក់របស់ Porsche ខ្លាំងប៉ុន្មានឡើយ។
សរុបពេញមួយឆ្នាំ ២០២០ ក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ២៧២ ១៦២គ្រឿង ដែលមានការធ្លាក់ចុះ ៣% បើធៀបនឹងចំនួនលក់ ២៨០ ៨០០គ្រឿង ដែលលក់បានកាលពីឆ្នាំ ២០១៩។ នៅសហរដ្ឋអាមេរិកតែឯង Porsche អាចលក់រថយន្តបាន ៥៧ ២៩៤គ្រឿង ដែលមានការធ្លាក់ចុះត្រឹម ៦,៩% ប៉ុណ្ណោះ។
នៅក្រៅពីទឹកដីសហរដ្ឋអាមេរិក Porsche អាចលក់រថយន្តបានសរុប ៨០ ៨៩២គ្រឿង នៅទីផ្សារអឺរ៉ុប ដែលធ្លាក់ចុះ ៩% ក្នុងនោះនៅអាល្លឺម៉ង់ដែលជាទឹកដីកំណើតអាចលក់រថយន្តចេញបាន ២៦ ១៥២គ្រឿង ធ្លាក់ចុះពីចំនួនលក់ ៣១ ៦១៨គ្រឿង កាលពីឆ្នាំ ២០១៩។
យ៉ាងណាក្ដីនៅប្រទេសចិន អាស៊ីបា៉ស៊ីហ្វិក និងតំបន់មជ្ឈឹមបូព៌ា ចំនួនលក់របស់ Porsche បែរជាមានការកើនឡើង ដោយនីប្រទេសចិនមានការកើនឡើង ៣% ហើយ តំបន់ពីរផ្សេងទៀតនោះមានកំណើន ៤% ពេលបូកបញ្ចូលគ្នា។
រថយន្តដែលមានតម្រូវការខ្ពស់ជាងគេគឺរថយន្តម៉ូដែល Cayenne ដែលមានចំនួនលក់សរុប ៩២ ៨៦០គ្រឿង មានចំនួនលក់កើនឡើង ១% ធៀបនឹងឆ្នាំ ២០១៩៕