លោក Thierry Bolloré ដែលជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Jaguar Land Rover បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ក្រោយលោកបានសារភាពថា បញ្ហាភាពធន់ និងគុណភាពលើរថយន្តរបស់ពួកគេ បានធ្វើឲ្យក្រុមហ៊ុនខាត់ការលក់ ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
បន្ទាប់ពីបានរៀបរាប់លម្អិតអំពីផែនការ Reimagine Transformation Plan រួច លោក Bolloré បានត្រឡប់មកនិយាយម្តងទៀតថា លទ្ធផលឆ្នាំ ២០២១ គឺប្រសើរជាងមុនហើយ ប៉ុន្តែនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
ចាប់តាំងពីលោកបានទទួលតំណែងកាលពីឆ្នាំ ២០២០ មក លោក Bolloré បានបញ្ជាក់យ៉ាងច្បាស់ថា Jaguar Land Rover ត្រូវការ Reboot ឡើងវិញ។ អាទិភាពកំពូលរបស់លោក គឺការកែលម្អពិន្ទុរបស់ Jaguar Land Rover លើការស្ទង់មតិ ការពេញចិត្ត គុណភាព និងភាពធន់។
ដើម្បីដោះស្រាយបញ្ហានោះ លោកបានបង្កើតតួនាទីថ្មី Executive Director of Company Quality and Customer Satisfaction ដោយតែងតាំងលោក Nigel Blenkinsop ជាសមាជិកក្រុមប្រឹក្សាភិបាល។
លោក Bolloréជឿជាក់ថា បញ្ហានេះគួរតែអាចដោះស្រាយបាន នៅដំណាក់កាលដំបូងនៃការរចនា ដោយការបញ្ចូលបច្ចេកវិទ្យាបន្ថែម កែលម្អដំណើរការ និងធានាថារាល់សមាសធាតុសុទ្ធតែមានគុណភាពល្អជាងមុន៕