Nissan X-Trail ស៊េរីឆ្នាំ ២០២៤ ជារថយន្តដំបូងគេរបស់ Nissan អាចប្រើប្រព័ន្ធ Google Built-in បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan X-Trail ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ដែលទទួលបានការកែមុខមាត់ថ្មី និងបានបន្ថែមបច្ចេកវិទ្យាថ្មី គ្រោងនឹងចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក ខណៈតម្លៃនឹងប្រកាសនៅពេលលក់ ។

សម្រាប់ Nissan X-Trail ស៊េរីឆ្នាំ ២០២៤ នេះ ទទួលបានការរផ្លាស់ប្តូរដ៏ធំបំផុតនោះគឺនៅផ្នែកខាងមុខ ដោយបំពាក់ប៉ាណាធំជាងមុន ជាមួយនឹងរន្ធក្រូម៉េបញ្ឈរ ព្រមទាំងឌីស្សាញថ្មីនៅលើកាងខាងមុខ ខណៈចង្កៀងមុខ-ក្រោយប្រភេទ LED នៅរក្សាដដែល និងបានប្រើប្រាស់នៅថាសកង់ថ្មីទំហំ ១៩ អ៉ីញ ក៏ដូចជាទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងចំណុចលេចធ្លោគឺការបន្ថែមប្រព័ន្ធ Google Built-in ជាដំបូងសម្រាប់រថយន្ត Nissan ដែលអនុញ្ញាតឲ្យប្រើកម្មវិធីរួមទាំង Google Maps, Google Assistant និង Google Play ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ រន្ធសាក USB ចំនួន ៤ ទីតាំង និងបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Nissan Safety Shield 360 ADAS suite ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Nissan Rogue ស៊េរីឆ្នាំ ២០២៤ នៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ VC-Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Xtronic CVT មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម