[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Wildlander ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី នៅពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលគ្រោងនឹងធ្វើឡើងនៅខែមេសា ក្នុងប្រទេសចិន ។
Toyota Wildlander ស៊េរីថ្មីនេះ រំពឹងថា អាចផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ៣ រួមមាន ម៉ាស៊ីនចំហេះក្នុង ICE, Hybrid និង Plug-in hybrid ដែលធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រដូចគ្នាទាំងអស់ ។
គួរឲ្យដឹងថា Toyota Wildlander បង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ និងដាកចេញលក់នៅក្នុងឆ្នាំ ២០២៥ ដោយផ្អែកនៅលើរថយន្ត Toyota RAV4 ខណៈម៉ូដែលឆ្នាំ ២០២៥ នេះ ទទួលបានឌីស្សាញថ្មីទាំងស្រុង ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED និងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុង នឹងទទួលបានមុខងារបច្ចេកវិទ្យាចុងក្រោយបំផុត ដែលទំនងជារួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញដូចគ្នា ៕