យកពន្ធនាំចូលថ្មី 25% លើរថយន្តគ្រប់ប្រភេទដែលមិនផលិតក្នុងអាមេរិក

​ប្រធានាធិបតីអាមេរិកលោក Donald Trump បាន​ប្រកាស​ដាក់​ពន្ធថ្មីចំនួន ២៥% លើ​រថយន្ត​ទាំងអស់​ដែល​មិនបាន​ផលិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​ជា​ការ​បង្កើន​ពន្ធ​ដ៏​ធំដែល​នឹង​មាន​ឥទ្ធិពល​លើ​ក្រុមហ៊ុន​ផលិត​រថយន្តទាំងអស់ និង​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក ប៉ុន្តែគាត់​បានអះអាង​ថា វា​នឹង​ជួយ​បង្កើន​ការងារ​ឲ្យ​អាមេរិក និងប្រាក់ចំណូលប្រមាណ ១០០ ពាន់​លាន​ដុល្លារ ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​មក​បើក​រោងចក្រ​នៅ​ក្នុង​ប្រទេសវិញ។

ចំពោះពន្ធ​នេះ​នឹង​ត្រូវ​អនុវត្ត​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​នាំចូល​មក​ក្នុង​សហរដ្ឋ​អាមេរិករួមមានប្រភេទ sedans, SUVs, minivans, trucks និង​ផ្នែក​គ្រឿងបង្គុំរថយន្ត​សំខាន់ៗដូចជា ម៉ាស៊ីន, ប្រអប់លេខ និង​ម៉ូទ័រ​អគ្គិសនីជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ដើម្បី​គេចពី​ពន្ធ​ថ្មី​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើនកំពុង​ពិចារណា​ការ​វិនិយោគ​នៅ​សហរដ្ឋ​អាមេរិកវិញ។ ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បាន​ប្រកាស​វិនិយោគប្រមាណ ២១ ពាន់​លាន​ដុល្លារ ដើម្បី​បើក​រោងចក្រ​ថ្មីនៅអាមេរិកផងដែរ។

គួរឲដឹងថា រថយន្ត​ដែល​ផលិត​នៅ​អាមេរិក​នឹង​មិន​ជាប់​ពន្ធនោះទេ ប៉ុន្តែ​ពន្ធ​អាចនឹង​ត្រូវ​​អនុវត្ត​លើ​រថយន្ត​ដែល​ប្រើ​ប្រាស់នូវគ្រឿងបង្គុំដែល​នាំចូល​ពី​បរទេស។ ខណៈព៌ត័មានលម្អិតអំពីការអនុវត្ត​ពន្ធ​នេះ​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃទី ២ ខែមេសា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម