រថយន្ដប្រភេទ Sedan របស់ក្រុមហ៊ុន Changan បំពាក់មកជាមួយអាគុយ 6C គ្រោងនឹងដាក់លក់នៅចុងឆ្នាំនេះ

ក្រុមហ៊ុន Changan បាន​ប្រកាស​ដាក់បង្ហាញ​រថយន្ត​ប្រភេទ​ (Sedan) ម៉ូឌែល Nevo A06 ជាផ្លូវការ។ រថយន្ដនេះមានទាំង​ជម្រើស​ប្រើអគ្គិសីនសុទ្ធ (BEV) និងប្រើសាំងលាយអគ្គិសនី (EREV)។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​រថយន្ត Nevo A06 នេះ​បំពាក់​មកជាមួយ​អាគុយ 6C ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា អាច​សាក​បាន​លឿន​បំផុត​ក្នុង​ល្បឿន ​មួយ​គីឡូម៉ែត្រ​ ក្នុង​មួយ​វិនាទី។តាមរំពឹងទុករថយន្ត​នេះ​អាច​នឹង​ចេញ​លក់​ជាផ្លូវការលើ​ទីផ្សារក្នុងប្រទេសចិន​នៅ​ចុង​ឆ្នាំ​នេះ។

រថយន្ត Nevo A06 ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្អែក​គ្រោងឆ្អឹង SDA (Super DNA) របស់​ក្រុមហ៊ុន Changan។ សម្រាប់រូបរាងខាងក្រៅរថយន្ត​នេះ​មានប្រវែងតួខ្លួនសរុប ៤ ៨៨៥មម ទទឹង ១ ៩១៦មម កម្ពស់ ១ ៤៩៦មម ប្រវែងគម្លាត ២ ៩២២មម និងមានគុណកកិតជាមួយខ្យល់ ០.២១៧ Cd។ Nevo A06 បានបំពាក់មកជាមួយបូម​អាលុយមីញ៉ូម​ប្រភេទ double wishbone នៅ​ខាង​មុខ និង​ប្រភេទ five-link នៅ​ខាង​ក្រោយ។

ចំណុចពិសេសរបស់ Nevo A06 គឺវាមានបំពាក់ដោយឧបករណ៍ចាប់សញ្ញា LiDAR មួយនៅលើដំបូល ហើយបន្ថែមជាមួយរ៉ាដា millimeter-wave ចំនួន៣ ឧបករណ៍ចាប់សញ្ញា ultrasonic ១២ និងកាមេរ៉ា ១១ ដើម្បីគាំទ្រប្រព័ន្ធជំនួយការបើកបរទំនើបកម្រិត ២។ គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្នែក​ខាង​មុខ​មាន​អំពូល​ហ្វា​វែង​ទំហំ ២២៥៨ ម.ម ​មាន​អំពូល LED សរុប​ចំនួន ២៣៦គ្រាប់​ ដើម្បីបង្កើត​បាន​ជា​រូបរាងដូច “មុខ​ញញឹម”។

សម្រាប់ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) ផ្ដល់ជូនជាមួយជម្រើស​២​ម៉ូឌែល។ ម៉ូឌែលខ្ពស់បំផុតអាចផលិត​កម្លាំង​អតិបរមា ២១០ kW (២៨២ hp) ខណៈ​ម៉ូឌែលមូលដ្ឋានអាចផលិត​កម្លាំងបាន ១២០ kW (១៦១ hp)។ រថយន្ត​នេះបានបំពាក់មកជាមួយ​អាគុយ​លីចូម​ផូស្វាត​ផ្ដល់ជូនជាមួយជម្រើសទំហំអាគុយ៣ផ្សេងគ្នាក្នុងនោះរួមមានទំហំ ៤២.១២ kWh, ៥១.៤៨ kWh, និង ៦៣.១៨ kWh អាចបើកបរបានចម្ងាយ ៤២០ គ.ម, ៥១០ គ.ម, និង ៦៣០ គ.ម គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ សម្រាប់ម៉ូឌែលខ្ពស់បំផុតអាចបង្កើនល្បឿនពី ០ ដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៦ វិនាទី និងភ្ជាប់មកជាមួយនូវប្រព័ន្ធ 800V high-voltage SiC។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូឌែល EREV ដំណើរការដោយម៉ាស៊ីនសាំងធម្មតា ១.៥ លីត្រ អាចកម្លាំងអតិបរមា ៧២ kW (៩៧ hp) ជាម៉ាស៊ីនពង្រីករយៈចម្ងាយបើកបរ (range-extender) ផ្គូផ្គងជាមួយម៉ូទ័រកម្លាំង ១២០ kW និងអាគុយទំហំ ២៨.៣៩ kWh។ វាអាចធ្វើដំណើរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១៨០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTC។ សម្រាប់សាកថ្មលឿន 6C វាមានសមត្ថភាពអាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៩នាទី និងសាកពី ១០% ទៅ ៨០% ប្រើពេល ១២ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម