
រថយន្តអគ្គិសនីប្រភេទ Hatchback ម៉ូឌែល Geely E2 បានចាប់ផ្តើមបើកទទួលការកក់ជាផ្លូវការនៅក្នុងតំបន់អឺរ៉ុប ក្នុងតម្លៃ ១៩ ៤៩០ យូរ៉ូ ឬស្មើនិងប្រមាណ ២២ ៤៩០ ដុល្លារ។ រថយន្តលក់ដាច់បំផុតរបស់ចិនមួយនេះ បានដាក់បើកទទួលការកក់ទុកជាមុននៅក្នុងប្រទេសប៊ែលហ្សិក ដោយការប្រគល់រថយន្តត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែកញ្ញា។
រថយន្ត Geely E2 ត្រូវបានដាក់លក់នៅក្នុងប្រទេសចិនក្រោមឈ្មោះ Geely Xingyuan ត្រូវបានចរនាក្នុងនាមជាអគ្គិសនីប្រភេទ Compact Hatchback ទ្វារ ៤ ហើយបានក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៥ ជាចំនួននៃការលក់សរុបដល់ ៤៦៥ ៧៧៥ គ្រឿង។ លើសពីនេះទៅទៀត វាបានក្តោបក្តាប់តំណែងលេខ ១ សារជាថ្មីម្តងទៀតនៅឆមាសទី១ នៃឆ្នាំ ២០២៦ ដោយបានចំនួន ១៩៤ ១៥៩ គ្រឿង នេះយោងតាមទិន្នន័យពី China EV DataTracker។
សម្រាប់វិមាត្រខាងក្រៅរថយន្ដនេះមានប្រវែងបណ្ដោយ ៤ ១៣៥ ម.ម, ទទឹង ១ ៨០៥ ម.ម, កម្ពស់ ១ ៥៨០ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៦៥០ ម.ម។ ចំណុចលេចធ្លោផ្សេងទៀតរបស់ Geely E2 រួមមានឃ្លុបក្រោយចំណុះ ៣៧៥ លីត្រ និងឃ្លុបមុខ ចំណុះ ៧០ លីត្រ។ នៅផ្នែកខាងក្នុងត្រូវបានបំពាក់ជាស្តង់ដារនូវកៅអីមានមុខងារកម្ដៅ, អេក្រង់កម្សាន្ដទំហំ ១៤.៦ អ៉ីញ, ពោងសុវត្ថិភាពចំនួន ៧ និងប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយប្រភេទ Multi-link។
ចំពោះម៉ូឌែល Geely E2 Pro បានបំពាក់ជាមួយកញ្ចប់អាគុយទំហំ ៣៥ kWh អាចបើកបរបានចម្ងាយ ២៥២ គ.ម គិតតាមស្តង់ដារវាស់ចម្ងាយ WLTP។ ចំណែកឯម៉ូឌែល Max និង Ultra បំពាក់ជាមួយអាគុយទំហំ ៤៧ kWh អាចបើកបរបានចម្ងាយ ៣៤៥ គ.ម គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP។
ព័ត៌មានលម្អិតអំពីម៉ូទ័រអគ្គិសនីមិនទាន់ត្រូវបានទម្លាយឲ្យយដឹងនៅឡើយទេ។ ប៉ុន្តែបើយោងតាម specs របស់រថយន្ដនេះមានដាក់លក់លើទីផ្សារប្រទេសផ្សេងទៀត Geely E2 បានបំពាក់ជាស្តង់ដារនូវម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៨៥ kW (១១៤ សេះ) នៅលើអ័ក្សកង់ក្រោយ៕






















