
ខ្សែស្រឡាយរថយន្ដបែប (Performance) របស់ក្រុមហ៊ុន Lynk & Co បានពង្រីកខ្លួនបន្ថែមទៀតហើយ ដោយកាលពីថ្ងៃទី២៩ ខែមិថុនា ពួកគេបានការបើកទទួលការកក់ទុកមុន លើរថយន្តទ្វារប្រាំប្រភេទ Wagon ដំណើរដោយថាមពល Plug-in Hybrid ម៉ូឌែល 07 GT ជាមួយតម្លៃចាប់ផ្ដើមពី ២៤ ៤០០ដុល្លារ។
សម្រាប់ប្រព័ន្ធថាមពលវិញ Lynk & Co 07 GT ប្រើប្រាស់ប្រព័ន្ធថាមពលកូនកាត់ EM-P ដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់និងត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងប្រភេទ CMA។ ក្រុមការងារវិស្វកម្មបានរួមបញ្ចូលគ្នារវាងប្រព័ន្ធចលក ជាមួយនឹងរូបរាងខាងក្រៅរចនាឡើងតាមផ្ដោតសំខាន់ប្រព័ន្ធលំហូរខ្យល់ (Aerodynamic) ចំណុចពិសេសរបស់រថយន្ដនេះគឺប្រព័ន្ធភ្លើងបំភ្លឺ LED ចំនួន ៩៤ គ្រាប់។ បន្ថែមពីនេះ Lynk & Co 07 GT ក៏បានបន្ថែមមកជាមួយនូវកញ្ចប់តុបតែងបែបស្ព័រ មានទ្វារអត់ស៊ុមកញ្ចក់ និងកាងនៅលើដំបូលសម្រាប់ផ្ទុកឥវ៉ាន់បានថែមទៀត។
បើនិយាយពីប្រព័ន្ធម៉ាស៊ីនចំហេះក្នុង Lynk & Co 07 GT ដំណើរការដោយម៉ាសុីនសាំងចំណុះ ១.៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់ រួមបញ្ចូលជានិងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៣០០ គីឡូវ៉ាត់ អាចជាន់សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលត្រឹមតែ ៥.៥ វិនាទី ប៉ុណ្ណោះសម្រាប់ម៉ូឌែលស្ដង់ដារ។
ចំពោះម៉ូឌែលកម្រិតខ្ពស់ ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតសរុបស ៣៩០ គីឡូវ៉ាត់ (ស្មើនឹង ៥៣០ សេះ) ដើម្បីបង្កើនល្បឿនឲ្យកាន់តែខ្លាំងក្លាជាងមុន ស័ក្ដិសមជារថយន្ដបែប Performance។ ជាមួយគ្នានេះ រថយន្ដនេះក៏បានផ្ដល់មកជាជម្រើសកញ្ចប់អាគុយ លីចូម-អុីយ៉ុង (Lithium-ion) ទំហំ ២៨.៣ គីឡូវ៉ាត់ម៉ោង (kWh) ជាស្តង់ដារ ដូច្នេះម៉ូឌែលប្រើមូទ័រអគ្គិសនី១ អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២០០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងា CLTC ប៉ុន្តែបើប្រើសាំងលាយអគ្គិសនីអាចបើកបររហូតដល់ចម្ងាយ ១៤ ២២ គីឡូម៉ែត្រ។ ផ្ទុយទៅវិញ សម្រាប់ម៉ូឌែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចបើកបរដោយអគ្គិសនីសុទ្ធ ១៧០ គីឡូម៉ែត្រ និងមានរយៈចម្ងាយចសរុបត្រឹមតែ ១ ៣១៥ គីឡូម៉ែត្រ។
ក្រឡេកទៅមើលវិមាត្រខាងក្រៅរបស់រថយន្តនេះ មានប្រវែងបណ្តោយ ៤ ៨៤៦ មីលីម៉ែត្រ ទទឹង ១ ៩០០ មីលីម៉ែត្រ កម្ពស់ ១ ៤៨៥ មីលីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤៣ មីលីម៉ែត្រ។ អ្វីដែលពិសេសប្រព័ន្ធជើងក្រោមនៅផ្នែកខាងមុខបានបំពាក់ជាបូម MacPherson និងផ្នែកខាងក្រោយបំពាក់ជាមួយបូម Multi-link ប្រភេទឯករាជ្យ ហើយក៏បំពាក់ជាមួយការកំណត់ភាពទន់រឹងទៅតាមស្ថានភាពផ្លូវជាក់ស្ដែង ត្រូវបានបំពាក់មកជាស្តង់ដារនៅលើម៉ូដែលមូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធទង្គិចពីផ្ទៃផ្លូវ។ ដូច្នេះជាមួយប្រព័ន្ធជើងក្រោមបែបនេះនឹងជួយគ្រប់គ្រងលំនឹងរបស់រថយន្តនៅពេលបត់បែនបានកាន់តែល្អនិងផ្ដល់ជូននូវផាសុកភាពក្នុងពេលបើកបរ។ ចំណែកឯម៉ូដែលកម្រិតខ្ពស់ បានរួមបញ្ចូលនូវបច្ចេកវិទ្យាបូមម៉ាញេទិកទំនើប ដើម្បីផ្តល់នូវជម្រើសកែសម្រួលកម្រិតភាពទន់រឹងនៃប្រព័ន្ធជើងក្រោមឲ្យយកាន់តែទូលំទូលាយសម្រាប់ការបើកបរនៅលើទីលានប្រណាំង៕





















