ក្រោយពីបង្ហាញមុខក្នុងនាមជារថយន្ត Concept បានប៉ុន្មានខែ នាពេលនេះរថយន្ត Masterpiece Mohave បានក្លាយជារថយន្ត SUV ស៊េរីថ្មីរបស់ Kia ដែលរំពឹងថាចេញលក់ខែកញ្ញាខាងមុខ។
រថយន្ត Mohave នេះបានបង្ហាញមុខក្នុងកម្មវិធី Seoul Auto Show កាលពីខែមីនា ឆ្នាំ ២០១៩ នេះ។ តាមរយៈរូបភាពថ្មីចុងក្រោយនេះបានបង្ហាញថា Kia មិនបានកែប្រែរូបរាងរថយន្តនេះឲ្យខុសពីប្រភេទ Concept នោះទេ ពោលមានបំពាក់នូវអំពូលដែលមាន ៤ គ្រាប់ និងមានរន្ធខ្យល់រចនាបថប្លែក។
គួរចាប់អារម្មណ៍នោះ លើរូបភាពដែលបង្ហាញគេមិនឃើញឡូហ្គោ Kia លើរថយន្តនេះឡើយ។ Kia មិនបានបញ្ជាក់អំពីលក្ខណៈសម្បត្តិរថយន្តនេះនៅឡើយទេ។ ប៉ុន្តែបើតាមសញ្ញា V6 3.0 មានន័យថាម៉ាស៊ីនវាមានចំណុះ ៣,០ លីត្រ និងមាន ៦ ស៊ីឡាំង៕