
នៅពេលពិនិត្យត្រង់ប្លុកម៉ាស៊ីន ឃើញបាត់ទឹក គឺដំបូងបំផុត គេស្វែងរកកន្លែងដែលមានការលេចជ្រាបជាមុនសិន។ ប៉ុន្តែបើរកមិនឃើញមានកន្លែងណាលេចស្រកទឹកនោះទេ តើគេត្រូវគិតលើមូលហេតុអ្វីផ្សេងណាទៀត?
ការបាត់ទឹករបស់រថយន្ត គឺមានកត្តាច្រើនយ៉ាងទៀត ក្រៅតែពីការលេចជ្រាប រួមមានដូចខាងក្រោម៖
១. ឆេះរ៉ងក្បាលគុយឡាស់៖ នេះជាបញ្ហាធំជាងគេមួយ ដែលទឹកមិនលេចចេញមកក្រៅទេ តែវវាលេចជ្រាបលាយចូលប្រេងម៉ាស៊ីន ដោយសារតែរ៉ងក្បាលគុយឡាស់ខូច។ បើមានបញ្ហានេះកើតឡើង អ្នកអាចសម្គាល់តាមរយៈការសង្កេតមើលម៉ាកេប្រេងម៉ាស៊ីនថាវាមានជាប់សារធាតុរាវពណ៌ទឹកដោះគោឬអត់ និងពិនិត្យមើលផ្សែងពណ៌ស ចេញពីបំពង់សឺមុំាង ដោយការចេញផ្សែងនេះព្រោះទឹកបានចូលដល់បន្ទប់ចំហេះ ដែលវាត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ។
២. ប្រេះក្បាលស៊ីឡាំង៖ ករណីនេះស្រដៀងនឹងការឆេះរ៉ងក្បាលគុយឡាស់ដែរ ព្រោះនៅពេលក្បាលស៊ីឡាំងមានការប្រេះស្រាំ ក៏វាអាចបណ្តាលឲ្យទឹកចូលលាយជាមួយប្រេងម៉ាស៊ីនផងដែរ។
៣. ខូចស្នូលកម្តៅ (Heater Core)៖ វាគឺជាធុងទឹក (radiator) តូចមួយនៅក្នុងតាបឡូរថយន្ត។ បើសិនជា ស្នូលកម្ដៅខូច វានឹងបណ្តាលឲ្យលេចជ្រាបទឹក ដោយអ្នកអាចសម្គាល់ដឹងបាន នៅត្រង់កម្រាលជើងមានសើមទឹក មានចំហាយទឹកចេញមកតាមម៉ាស៊ីនត្រជាក់ និងមានធំក្លិនទឹកស្អំនៅក្នុងកាប៊ីន។
៤. ខូចគម្របធុងទឹក៖ ពេលវាខូច នឹងបណ្តាលឲ្យបាត់សម្ពាធ ជាហេតុធ្វើឲ្យទឹកពុះនិងហៀរចេញមកក្រៅ។
៥. ហួតទឹក៖ ប្រសិនបើប្រព័ន្ធទឹកដំណើរការខុសប្រក្រតីចំណុចណាមួយ ដូចជាខូចធុងទឹកជាដើម គឺវានឹងបណ្តាលឲ្យមានហួតទឹកចេញបន្តិចម្តងៗ។
៦. ខូចបូមទឹក៖ នៅពេលវាខូច វានឹងបណ្តាលឲ្យមានការលេចនៅផ្នែកខាងក្នុង ហើយក៏អាចធ្វើឲ្យទឹកចូលលាយជាមួយប្រេងម៉ាស៊ីនផងដែរ៕