[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការបញ្ជាក់ថារថយន្តម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Changan Yida ជារថយន្តស្ព័រប្រភេទ sedan នឹងចាប់ផ្តើមដាក់លក់នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃប្រហែល ១៣ ២៤៥ ដុល្លារ ដល់ ១៦ ១៩០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះផលិតផ្អែកនៅស្ថាបត្យកម្ម Ark architecture មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៤៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ រថយន្តថ្មីនេះទទួលយកការរចនាប៉ាណាមុខឲ្យឈ្មោះថា borderless grills អបសងខាងដោយចង្កៀងមុខប្រភេទ LED រាងស្លីម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៊ីញ បំពង់ស៊ីមាំងនៅក្រោមកាង និងផ្តល់នៅភាពប្រណិតមួយចំនួនផងដែរ ដូចជាដៃទ្វារបង្កប់ និងភ្លើងហ្វ្រាំងនៅលើដំបូលជាដើម។
សម្រាប់នៅផ្នែកខាងក្នុង វាបានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៣,២អ៊ីញ និងដៃចង្កូត ២ប្រឡោះ ប្រភេទ multi-functional។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Blue Whale ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ dual-clutch និងមានកម្រិតស៊ីប្រេងត្រឹមតែ ៥ ទៅ ៦ លីត្រ/១០០ គីឡូម៉ែត្រ៕