លក់ដាច់ពេក! Volvo ប្រកាសបិទការបញ្ជាទិញរថយន្តអគ្គិសនី Volvo EX90 ដោយសារខ្លួនផលិតរថយន្តមិនទាន់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសឈប់ទទួលការកក់សម្រាប់រថយន្តអគ្គិសនីសុទ្ធ Volvo EX90 ដោយសារតែតម្រូវការខ្លាំងបានលើសសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន នឹងបើកបញ្ជាទិញឡើងវិញក្នុងពេលឆាប់ៗនេះ ដោយមិនផ្តល់ពេលវេលាច្បាស់លាស់នោះទេ។

រថយន្ត SUV អគ្គិសនីខ្នាតធំនេះ គ្រោងនឹងចេញលក់នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ហើយនឹងត្រូវផលិតនៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេសចិនផងដែរ។ ការប្រកាសអំពីការបិទការបញ្ជាទិញជាបណ្ដោះអាសន្នត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ។ នៅក្នុងឯកសារដដែលនេះ ក្រុមហ៊ុន Volvo និយាយអំពីរថយន្តអគ្គិសនីថ្មីនឹងត្រូវបានដាក់បង្ហាញក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជារថយន្តប្រភេទ SUV ដែលស្ថិតនៅក្រោមម៉ូដែល XC40 និង C40 Recharge ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​មាន​ទំនុក​ចិត្ត​ថា​ម៉ូដែល​ថ្មី​ដែល​​ហៅ​ថា EX30 នឹង​ទាក់​ទាញ​អតិថិជនជាមួយ​​តម្លៃ​ទាប​ជាង។ វាត្រូវបានគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ CEO Jim Rowan នៅដើមឆ្នាំ។

Volvo ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​ដែល​ប្រកាស​ពី​ផែនការ​សម្រាប់​ការ​ផលិត​តែរថយន្ត​អគ្គិសនី​ត្រឹម​ចុង​ទសវត្សរ៍​នេះ។ ដើម្បីទៅដល់ទីនោះ ក្រុមហ៊ុនក៏មានបំណងដាក់បង្ហាញរថយន្តអគ្គិសនីបន្ថែមដោយដាក់ចេញយ៉ាងហោចណាស់មួយម៉ូដែលរហូតដល់ឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម