ថ្មីៗនេះ អ្នកឌីហ្សាញយានយន្តឈ្មោះ Enoch Gonzales បានបង្ហាញឲ្យឃើញនូវរូបភាព Render នៃរថយន្ត Mitsubishi Lancer EVO XI សម្រាប់សេរ៊ីឆ្នាំ២០២៣ ដែលធ្វើឲ្យគ្រប់គ្នាចាប់ផ្តើមមានសង្ឃឹមម្តងទៀត។
គួររំលឹកឲ្យដឹងថា រថយន្ត Mitsubishi Lancer ត្រូវបានផលិតដំបូងនៅក្នុងឆ្នាំ១៩៩២ និង បានឈប់ផលិតត្រឹមឆ្នាំ២០១៦ បាត់ទៅហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់វានៅតែល្បីល្បាញ ក្នុងចំណោមអ្នកស្រលាញ់ចូលចិត្តរថយន្ត។
ដោយឡែក សម្រាប់រថយន្ត Mitsubishi Lancer EVO XI របស់លោក Enoch Gonzales នេះវិញ មានការឌីហ្សាញគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺអំពូលបំភ្លឺពេលថ្ងៃ LED ក៏ដូចជាអំពូលកាត់អ័ព្ទ LED រាងមូល ដែលយកលំនាំតាមរថយន្តប្រណាំងប្រភេទ Rally មើលទៅពិតជាប្លែក និងកាច។
ជាមួយគ្នានេះដែរ វាក៏បានបំពាក់ប៉ាណាមុខពណ៌ខ្មៅរលោង, រន្ធបឺតខ្យល់ធំ និងកាងកាត់ខ្យល់ផ្នែកខាងមុខ ព្រមទាំងយ៉ាន់ BBS ពណ៌ខ្មៅគ្រើម ទៀតផង។
ដោយឡែក ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ ចង្កៀងរបស់វាក៏មានរូបរាងស្រដៀងនឹង អំពូលបំភ្លឺពេលថ្ងៃនៅផ្នែកខាងមុខដែរ មើលទៅពិតជាទាក់ទាញមែនទែន។ លើសពីនេះ វាក៏មានបំពាក់កាងកន្ទុយត្រីធំ និងបំពង់ស៊ីម៉ាំង ៤ ទៀតផង។
សូមបញ្ជាក់ដែរថា វាគ្រាន់តែជារូបភាពបែប Render របស់លោក Enoch Gonzales ប៉ុណ្ណោះ មិនមែនចេញពីក្រុមហ៊ុន Mitsubishi ឡើយ។ យ៉ាងណាក៏ដោយ តើប្រិយមិត្តយល់យ៉ាងណាដែរការឌីហ្សាញបែបនេះ?