ទស្សនាវីដេអូ ១១នាទី បង្ហាញពីដំណើរការផលិតរថយន្ត Honda Civic Type R នៅប្រទេសជប៉ុន (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបញ្ចេញវីដេអូរយៈពេល ១១ នាទីពីរោងចក្រ Yorii Automobile Plant នៅ Saitama ជាកន្លែងដែលរថយន្ត Type R កំពុងត្រូវបានផលិតក្នុងប្រទេសជប៉ុន។

វីដេអូនេះ បង្ហាញឲ្យយើងឃើញពីកាឆ្លងកាត់គ្រប់ជំហាននៃដំណើរការផលិត ដោយបង្ហាញពីបន្ទះតួខ្លួនផ្សេងៗ ការលាបពណ៌ ការផ្គុំសមាសធាតុមេកានិច រួមទាំងម៉ាស៊ីន និងការរៀបចំផ្នែកខាងក្នុង។ ដូចទៅនឹងរថយន្តទំនើបៗដែរ ការផលិតរបស់ Type R ត្រូវបានសម្រួលដោយជំនួយពីបច្ចេកវិជ្ជាដ៏ទំនើបៗផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាមានការចែករំលែកតួគ្រោងជាមួយនឹងរថយន្ត Civic hatchback ក៏ដោយក៏ Type R មានលក្ខណៈពិសេសជាច្រើនដែលត្រូវបានរចនាឡើងយ៉ាងពិសេស។ ទាំង​នេះ​រួម​មាន​របាំងការពារភក់ទំហំធំ, កាង​បែប​ស្ព័រ​ដែល​មាន​រន្ធខ្យល់ចេញចូល​ធំ​ជាង​មុន គម្របម៉ាស៊ីនដែល​មាន​រន្ធ​ខ្យល់ និង​កាងខ្យល់​ខាង​ក្រោយ​។

ក្នុងនោះរថយន្ត Civic Type R ក៏ទទួលបានការលាយពណ៌ពិសេសផងដែរ រួមមានពណ៌ស (Championship White), ក្រហម (Rallye Red), ខៀវ (Boost Blue), ខ្មៅ (Crystal Black Pearl) និងប្រផេះ (Sonic Grey Pearl)។ ចំណុចលេចធ្លោមួយទៀតគឺបំពង់ស៊ីមាំង ៣។ ចំណែកផ្នែកខាងក្នុងវិញ យើងអាចឃើញការបំពាក់កម្រាលព្រំក្រហម កៅអី និងប្រអប់លេខជាដើម។

វីដេអូនេះបញ្ចប់ដោយរថយន្តរំកិលចេញពីរោងចក្រផលិតកម្ម និងឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់លើម៉ាស៊ីន ប្រព័ន្ធ suspension ជាដើម ដើម្បីធានាថាប្រព័ន្ធទាំងអស់ដំណើរការល្អ។ បន្ទាប់​មក​រថយន្ត​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ដឹក​ជញ្ជូន​ទៅ​កន្លែង​ហាងចែកចាយ។

រោងចក្រ Yorii Automobile Plant នៅ Saitama មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ២៥០ ​០០០ គ្រឿង។ Honda នឹង​ផលិត​រថយន្ត Civic Type R ដំបូង​ចំនួន ៤០០ គ្រឿង​ក្នុង​មួយ​ខែ ដែល​មាន​ន័យ​ថា​អតិថិជន​ជនជាតិ​ជប៉ុន​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ ៦ ខែ​ដើម្បី​ទទួល​បាន​ការ​ចែកចាយ។

Honda Civic Type R ជំនាន់ទី ៦ ត្រូវបានដាក់បង្ហាញក្នុងខែកក្កដា ឆ្នាំ ២០២២ ។ ម៉ូដែលនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ៣១៥ សេះ​ និងកម្លាំងរមួល ៤២០​ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦​ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម