ដូចបងប្អូនបានដឹងហើយថា កាលពីមួយសប្តាហ៍កន្លងទៅក្រុមហ៊ុន Huawei បានធ្វើការបង្ហាញចេញនូវរថយន្តដំបូង SERES SF5 ប្រភេទ Plug-in Hybrid របស់ខ្លួន ក្នុងកម្មពិធីតាំងពិពណ៌រថយន្តសៀងហៃ ២០២១ ដែលវាជាម៉ូឌែលរថយន្តផលិតឡើងក្រោមការសហការរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Cyrus។
ខណ:ពេលនេះផងដែរក្រុមហ៊ុន Huawei ក៏បានបង្ហាញពីចំនួនតួរលេខនៃការបញ្ជាទិញនៅសប្តាហ៍ដំបូង ដោយទទួលបានការបញ្ជាទិញរហូតដល់ចំនួន ៦ពាន់គ្រឿង ដោយរថយន្តនេះមានតម្លៃចាប់ពី ២៤៦ ៨០០យ៉េន ឬ ៣៨ ០០០ដុល្លារ។
បន្ថែមពីនេះ SERES SF5 បានបំពាក់ដោយសាំង ប្រភេទ Plug-in Hybrid ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៤៣ សេះ និងកម្លាំងបង្វិល ៨២០ Nm។ ម៉ូដែលប្រភេទ Crossover នេះមានសមត្ថភាពស្ទុះល្បឿនពី ០-១០០ គ.ម / ម៉ ប្រើពេលប្រហែល ៤,៧ វិនាទី។ លើសពីនេះ វាអាចបើកបរបានចម្ងាយជាង ១៨០គីឡូម៉ែត្រ សម្រាប់ពេលប្រើម៉ូទ័រអគ្គិសនីសុទ្ធតែមួយ និងបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ នៅពេលមានជំនួយជួយពីម៉ូទ័រអគ្គិសនីទាំង ២ និងម៉ាស៊ីនចំហេះក្នុង។
រួមជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ផ្ទាល់ដូចជា៖ ប្រព័ន្ធ Radar, Ultrasonic Sensors និងកាំមេរ៉ាជាច្រើនគ្រាប់ ដែលមានមុខងារសុវត្តិភាព ដូចជាប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ, ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង ផងដែរ។
នាពេលនេះរថយន្ត SERES SF5 កំពុងនឹងដាក់បង្ហាញនៅតាមបណ្តាហាងលក់របស់ Huawei មួយចំនួននៅប្រទេសចិន ហើយការដឹកជញ្ជូនសម្រាប់អតិថិជនដែលបានកក់រួច ត្រូវបានគេរំពឹងថានឹងកើតឡើងនៅខែឧសភាខាងមុខនេះ៕