Lexus បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងជាមួយរូបភាព Teaser នៃរថយន្តម៉ូដែល IS ស៊េរីឆ្នាំ ២០២១ ដែលកន្លងមកគេមិនធ្លាប់លេចឮចចាមអារ៉ាម ឬប្រទះឃើញរថយន្តនេះបើកបរសាកល្បងលើដងផ្លូវនោះឡើយ។
Lexus បានឲ្យដឹងថារថយន្ត IS ជំនាន់ថ្មី ដែលមានការផ្លាស់ប្ដូររូបរាងថ្មីនឹងបង្ហាញមុខជាផ្លូវការនាថ្ងៃទី ៩ ខែមិថុនាខាងមុខនេះ។ តាមរយៈរូបភាព Teaser នៃផ្នែកខាងក្រោយរបស់រថយន្ត អាចបញ្ជាក់ថារថយន្ត IS នឹងមានការផ្លាស់ប្ដូររូបរាងថ្មី ដោយសារអំពូលឆ្នូតពណ៌ក្រហមនេះមិនមានលើស៊េរីបច្ចុប្បន្នឡើយ ហើយវាជាអត្តសញ្ញាណមួយដែល Lexus បានប្រើលើរថយន្តស៊េរីថ្មីៗកន្លងមក។
ចំពោះលក្ខណៈសម្បត្តិផ្សេងទៀតអំពី Lexus IS ជំនាន់ថ្មី គេនៅមិនទាន់ដឹងនៅឡើយទេ។ ជាមួយនឹងការឈប់ផលិតរថយន្តម៉ូដែល GS គេជឿជាក់ថាម៉ូដែល IS ថ្មីអាចនឹងមានការកែសម្រួលជាពិសេសដើម្បីអាចជំនួសម៉ូដែល GS ដូចជាមានផ្នែកខាងក្នុងទំហំធំ និងមានរូបរាងកាន់តែកាត់ទៅបែបស្ព័រជាដើម៕