ស្អាតណាស់! ឡានអគ្គិសនី Polestar 2 គូប្រជែង Tesla បង្ហាញខ្លួនជាផ្លូវការ

Polestar ដែល​ជា​ក្រុមហ៊ុន​មែកធាង​របស់ Volvo បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ម៉ូដែល​ថ្មី​របស់​ខ្លួន គឺ Polestar 2 ជា​ផ្លូវការ។ រថយន្ត​​របស់​ស៊ុយអែត​ដំណើរការដោយ​ថាមពល​អគ្គិសនី​នេះ គឺ​ជា​គូ​ប្រជែង​ដ៏​ធំ​មួយ​របស់រថយន្ត​អគ្គិសនី​អាមេរិក Tesla Model 3។

​ក្រុមហ៊ុន Polestar បាន​និយាយ​ថា Polestar 2 មានចំងាយបើកបរ ៥០០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង ដែល​ស្រដៀង​ទៅ​នឹង Tesla Model 3 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar 2 ប្រើ​ម៉ូទ័រ​អគ្គិសនី​ ២ និង​អាគុយ​មួយ​ដែល​មាន​កម្លាំង ៧៨ គីឡូវ៉ាត់​ម៉ោង ហើយ​ត្រូវ​រៀបចំ​ផ្ទុក​នៅ​ក្រោម​គ្រោងឆ្អឹង CMA (Compact Modular Architecture) របស់​វា។ គ្រោង​ឆ្អឹង CMA នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ការ​ផ្ទុក​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់​បន្ថយ​សំឡេង​រំខាន, រំញ័រ និង សំឡេង​ផ្សេងៗ​ផង​ដែរ។

Polestar បាន​អះអាង​ថា ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD ដែល​ប្រើ​លើ Polestar 2 ជាមួយ​នឹង​កម្លាំង ៤០០ សេះ អាច​ជួយ​ឲ្យ​វា​មាន​សមត្ថភាព​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥ វិនាទី​ប៉ុណ្ណោះ។

រថយន្ត Polestar 2 មាន​តម្លៃ​ចាប់​ពី ៦៣ ០០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក សម្រាប់​ម៉ូដែល Launch Edition។ ចំណែក​ឯ Tesla Model 3 Performance មាន​តម្លៃ​ថោក​ជាង​បន្តិច គឺ ៦០ ៩០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម