
រថយន្តភីកអាប់ Ford Ranger Super Duty ស៊េរីឆ្នាំ២០២៦ នឹងត្រូវដាក់លក់ក្នុងពេលឆាប់ៗនេះនៅលើទីផ្សារអន្តរជាតិ បច្ចុប្បន្នរថយន្ដនេះកំពុងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុន ខណៈការដឹកជញ្ជូនឲ្យអតិថិជនរំពឹងថានឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៦។
ទោះបីមិនចេញលក់ជាផ្លូវការពិតមែន ប៉ុន្តែរថយន្តភីកអាប់ Ford Ranger Super Duty នឹងមិនត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកនោះទេ។ មូលហេតុដែល Ford សម្រេចចិត្តមិនដាក់លក់រថយន្ដភីកអាប់ Ranger Super Duty នៅសហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រអាជីវកម្មយ៉ាងល្អិតល្អន់របស់ពួកគេ ផ្អែកលើហេតុផលសំខាន់ៗចំនួន ៤ដូចខាងក្រោម៖
ហេតុផលទី១ ជៀសវាងការដណ្តើមទីផ្សារគ្នាឯង (Cannibalization)
នៅសហរដ្ឋអាមេរិករថយន្ដភីកអាប់របស់ Ford ពេញនិយមខ្លាំងគឺត្រកូល F-Series (មានដូចជា F-150, F-250, និង F-350) ដែលជាអ្នកត្រួតត្រាផ្លូវទីផ្សាររថយន្តដឹកទំនិញធុនធ្ងន់។ ប្រសិនបើ Ford នាំយក Ranger Super Duty ទៅលក់នៅទីនោះ វានឹងទៅដណ្តើមអតិថិជនពី F-150 ឬ F-250 របស់ខ្លួនឯង។ ក្រុមហ៊ុន Ford ចង់ឲ្យអតិថិជនអាមេរិកចូលចិត្តរថយន្ដភីកអាប់ទំហំធំ ងាកទៅទិញត្រកូល F-Series ដែលមានតម្លៃខ្ពស់ និងផ្តល់ចំណេញច្រើនជាងនេះ។
ហេតុផលទី២ ភាពខុសគ្នានៃទំហំផ្លូវ និងចំណង់ចំណូលចិត្ត
- នៅសហអាមេរិក៖ ផ្លូវថ្នល់ និងចំណតមានទំហំធំទូលាយ ដូច្នេះប្រជាជនចូលចិត្តរថយន្តភីកអាប់ទំហំធំ “Full-size” ដូចជា F-150 ជាដើម។
- ដោយឡែកនៅទីផ្សារអន្តរជាតិ៖ ផ្លូវថ្នល់មានទំហំតូចជាង និងចង្អៀត ដែលធ្វើឲ្យរថយន្តភីកអាប់ខ្នាតធំដូចជា F-150 ពិបាកបើកបរ។ ដូច្នេះទើប Ford Ranger Super Duty ត្រូវបានបង្កើតឡើងក្នុងនាមជារថយន្ដភីកអាប់ខ្នាតមធ្យមតែមានកម្លាំងខ្លាំងដូចរថយន្ដភីកអាប់ខ្នាតធំ ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ហេតុផលទី៣ ការបំពេញចន្លោះទីផ្សារដែលគ្មានរថយន្ដត្រកូល F-Series
Ford មិនបានដាក់លក់ត្រកូល F-Series ជាផ្លូវការនៅក្នុងប្រទេសភាគច្រើននៅក្រៅអាមេរិកខាងជើងនោះទេ (ឬមានលក់ក្នុងចំនួនតិចតួច និងតម្លៃខ្ពស់ខ្លាំង)។ ដូច្នេះជាដំណោះស្រាយទើបពួកគេសម្រេចផលិតរថយន្ដ Ford Ranger Super Duty ដើរតួជាអ្នកជំនួសរថយន្ដភីកអាប់ F-250 សម្រាប់ទីផ្សារអន្តរជាតិ។ រថយន្ដ Ranger Super Duty ត្រូវបានរចនាឡើងសម្រាប់បម្រើការងារជាពិសេសដ៏ក្រុមហ៊ុនឧស្សាហកម្មរ៉ែ កសិកម្ម និងសំណង់ ដោយវាមានសមត្ថភាពអូសសណ្ដោងបានទម្ងន់ ៤.៥ តោន។
ហេតុផលទី៤ ច្បាប់ និងបទប្បញ្ញត្តិបំភាយឧស្ម័ន
រថយន្តដែលផលិតសម្រាប់ទីផ្សារអន្តរជាតិ (International Spec) ច្រើនតែមានបទប្បញ្ញត្តិឬគោលការណ៍នៃការផលិតខុសពីរថយន្ដផលិតសម្រាប់ទីផ្សារអាមេរិក ទាំងប្រព័ន្ធសុវត្ថិភាព និងការបំភាយឧស្ម័ន។ សម្រាប់រថយន្ដ Ford Ranger Super Duty បើត្រូវផលិតឡើងឲ្យស្របតាមច្បាប់ដ៏តឹងរ៉ឹងរបស់អាមេរិក នឹងត្រូវចំណាយដើមទុនបន្ថែមច្រើន ជាហេតុធ្វើឲ្យ Ford យល់ថាមិនចំណេញ ព្រោះពួកគេមានរថយន្ដ F-Series លក់ដាច់ខ្លាំងរួចទៅហើយ ដូច្នេះមិនបាច់តម្រូវឲ្យមានរថយន្ដ Ford Ranger Super Duty នៅទីផ្សារសហរដ្ឋអាមេរិកក៏បាន។

























