[ទីផ្សារបរទេស] BMW បានប្រកាសចេញរថយន្ត BMW X5 ប្រភេទតួវែងចំនួនពីរប្រភេទ ដែលផលិតដោយ BMW Brilliance Automotive Ltd. នៅរោងចក្រប្រទេស ហើយនឹងមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ។
X5 xDrive30Li និង X5 xDrive40Li នេះមានប្រវែងកង់មុខទៅកង់ក្រោយវែងជាងមុន ១៣០ម.ម ដែលធ្វើឲ្យប្រវែងពីកង់មុខទៅកង់ក្រោយសរុបគឺ ៣១០៥ម.ម ខណៈដែលប្រវែងជារួមគឺ ៥០៥២ម.ម។ BMW និយាយថាការបន្ថែមប្រវែងកាន់ធំនេះបានផ្ដល់ផលប្រយោជន៍សម្រាប់អ្នកដំណើរខាងក្រោយ ដោយទទួលបានកន្លែងដាក់ជើងកាន់តែច្រើន។
រថយន្ត X5 ប្រភេទ Li ទាំងពីរមានមកជាស្តង់ដារនូវកៅអីអង្គុយដែលអាចបត់បែនបានបួនប្រភេទ និងអាចទ្រេតបានទាប, មានដំបូលកញ្ចក់មួយផ្ទាំងធំ, មានភ្លើងភ្លឺខាងក្នុង, មានបន្ទះសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងប្រណីតភាពលំដាប់កំពូលដទៃទៀតដែលធ្វើឲ្យអ្នកបើកបរកាន់តែមានផាសុកភាព។
X5 xDrive30Li មានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៦១សេះ ខណៈដែល xDrive40Li មានម៉ាស៊ីន Turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៩សេះ។ រថយន្តទាំងពីរប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន និងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។
រថយន្តទាំងពីរប្រភេទនេះនឹងមានលក់លើទីផ្សារប្រទេសចិនចាប់ពីខែមេសាតទៅ ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែវាច្បាស់ជាថ្លៃជាងប្រភេទធម្មតា៕