Ford បានបង្ហាញចេញរថយន្ត F-150 ស៊េរីឆ្នាំ ២០២១ កាលពីខែមិថុនាកន្លងទៅនេះ ហើយពេលនេះរថយន្ត F-150 Raptor ស៊េរីថ្មីចាប់ផ្ដើមបង្ហាញរូបរាងជាបណ្ដើរៗហើយ។
ការរចនានៃរូបរាងរថយន្ត F-150 Raptor ស៊េរីឆ្នាំ ២០២១ មិនមានបង្ហាញច្រើននោះទេ ដោយមានការបិទបាំងឡើងជិត ពេលដែលវាបើកបរសាកល្បងនៅលើដងផ្លូវ។ មើលទៅទ្រង់ទ្រាយរថយន្តទាំងមូលមិនមានផ្លាស់ប្ដូរខុសពីស៊េរីបច្ចុប្បន្នឡើយ ប៉ុន្តែការឌីហ្សាញនឹងមានការផ្លាស់ប្ដូរបន្តិចបន្តួច។
ត្បិតថាគេមិនអាចថតបានរូបរាងខាងក្នុងរបស់រថយន្តមែន ប៉ុន្តែវាទំនងជាមានគ្រឿងបរិក្ខារដូចជាប្រភេទធម្មតាដែរ ដែលមានន័យថានឹងមានកុងទ័រឌីជីថលទំហំ ១២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២អ៊ីញ។ ចំពោះម៉ាស៊ីនវិញ វាទំនងជាបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលបញ្ចេញកម្លាំងបាន ៤៥០សេះ៕