ក្រុមហ៊ុន Kia បានប្រកាសចេញនូវតម្លៃនៃរថយន្ត Sorento ម៉ូដែលថ្មីគឺ Kia Sorento Hybrid ដែលប្រើប្រាស់ម៉ាស៊ីនប្រភេទ Plug-in Hybrid របស់ខ្លួនជាផ្លូវការ។
រថយន្ត Kia Sorento Hybrid ឆ្នាំ២០២២ នេះ ចែកចេញជា ២ ម៉ូដែល គឺ S ប្រភេទប៉ុងមួយ តម្លៃ ៣៣ ៩៩០ដុល្លារ, ប្រភេទប៉ុងពីរ តម្លៃ ៣៥ ៧៩០ដុល្លារ និង EX ប្រភេទប៉ុងមួយ តម្លៃ ៣៥ ៩៩០ដុល្លារ និង ប្រភេទប៉ុងពីរ តម្លៃ ៣៨ ២០០ដុល្លារ។
រថយន្ត Kia Sorento Hybrid ថ្មីនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged GDI ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ៩០សេះ និង អាគុយទំហំ ១៣,៨គីឡូវ៉ាត់ម៉ោង។ ម៉ាស៊ីនកូនកាត់នេះអាចផលិតកម្លាំងបានសរុបរហូតដល់ទៅ ២៦១សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ។
យោងតាមការអះអាងរបស់ Kia បានឲ្យដឹងថា រថយន្ត Sorento Hybrid អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣២ម៉ាយ៍ ឬ ៥២គីឡូម៉ែត្រ ហើយចម្ងាយបើកបរសរុបគឺ ៤៦០ម៉ាយ៍ ឬ ៧៤០គីឡូម៉ែត្រ នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ ខណៈដែលកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺត្រឹមតែ ២,៩លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
រថយន្ត SUV កូនកាត់នេះមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ហើយមានមុខងារជំនួយការបើកបររហូតដល់ ១៣មុខ រួមទាំង Highway Driving Assist, Navigation Based Smart Cruise Control-Curve, 360-degree Surround View Monitor ថែមទាំងមានប្រព័ន្ធសំឡេង Bose premium sound system និងរន្ធសាកថ្មទូរសព្ទ ៨ ឯណោះ៕