បន្ទាប់ពីការស្រាវជ្រាវគំរូរថយន្តអគ្គិសនីចំនួនពីររួចមក ទីបំផុត Rolls-Royce នឹងប្តូរទៅផលិតគ្មានការបំភាយឧស្ម័នពុល នៅចុងឆ្នាំ ២០២៣ ដែរ។
រូបភាពខ្លីៗដែលទើបចេញថ្មីៗ បានបង្ហាញនូវអ្វីដែលត្រូវរំពឹងពីរថយន្តអគ្គិសនី ដែលគេឲ្យរហស្សនាមថា “Spectre” ទោះបីជាគំរូរថយន្តដែលបានបិទបាំងនោះ មិនបានបង្ហាញច្រើនអំពីការរចនាចុងក្រោយក៏ដោយ។
ទោះជាយ៉ាងណា វាហាក់បីដូចជាមានលក្ខណៈពិសេសយ៉ាងហោចមួយ នៃការរចនារថយន្តនោះ ដែលនឹងមិនផ្លាស់ប្តូរខ្លាំងឡើយ បើប្រៀបធៀបទៅនឹងម៉ូដែល Rolls-Royce ដែលដំណើរការដោយម៉ាស៊ីនចំហេះក្នុង ដែលមានស្រាប់។
នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Torsten Muller-Otvos បាននិយាយថា “គ្មានផ្លូវណាដែលប៉ាណាមុខយក្សរបស់ Rolls-Royce នឹងរលាយបាត់ ជាមួយនឹងការចាប់ផ្តើមនៃរថយន្តអគ្គិសនីនោះទេ។ ជាក់ស្តែង វានឹងមិនមានតួនាទីដូចគ្នាទេ ប៉ុន្តែវានឹងនៅទីនោះ”។
លោក Torsten បានបន្ថែមទៀតថា “ខ្ញុំមិនចង់បង្ហាញអ្វីច្រើននោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចប្រាប់បានគឺថា វានឹងក្លាយជារថយន្ត Rolls-Royce ដែលសមសួមមួយ។ អតិថិជនរបស់យើងនឹងចូលចិត្តវា។ ចំណុចទី១ យើងកំពុងផលិតរថយន្ត Rolls-Royce ថ្មី ហើយចំណុចទី២ វាជារថយន្តអគ្គិសនី… តែប៉ុណ្ណឹងប៉ុណ្ណោះ!”៕