ក្រុមហ៊ុន Ford ធ្លាប់បានឲ្យដឹងថាការផលិតរថយន្ត Fusion ដែលជារថយន្ត Sedan តែមួយគត់របស់ក្រុមហ៊ុនលើទីផ្សារអាមេរិកនាពេលនេះ នឹងបញ្ឈប់ការផលិតនាថ្ងៃទី២១ ខែកក្កដា ប៉ុន្តែពេលនេះត្រូវអូសបន្លាយដល់ថ្ងៃទី៣១ ខែកក្កដាវិញ។
Ford Fusion ជារថយន្ត Sedan ចុងក្រោយដែល Ford បានបញ្ឈប់ការផលិត និងលក់លើទីផ្សារក្នុងស្រុក បន្ទាប់ពីរថយន្ត Fiesta, Focus និងរថយន្ត Taurus។ ក្រុមហ៊ុន Ford បានចាប់ផ្ដើមផលិតរថយន្ត Fusion ជំនាន់ដំបូងនាឆ្នាំ ២០០៦ នៅរោងចក្រ Hermosillo ក្នុងរដ្ឋម៉ិកស៊ីកូ។
ចំនួនលក់របស់ Ford Fusion បានឡើងខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១៤ ដែលលក់បាន ៣០៦ ៨៦០គ្រឿង ប៉ុន្តែកាលពីឆ្នាំ ២០១៩ បានធ្លាក់ចុះដល់ចំណុចទាបមួយដែលលក់បានត្រឹម ១៦៦ ០៤៥គ្រឿងប៉ុណ្ណោះ។ នៅឆមាសទីមួយនៃឆ្នាំ ២០២០ នេះ Ford អាចលក់រថយន្ត Fusion បាន ៦១ ៤២១គ្រឿង៕