Aznom Palladium គឺជារថយន្ត SUV របស់អ៊ីតាលី ដែលមានរូបរាងចម្លែកខុសពី SUV ដទៃទៀត ហើយថ្មីៗនេះវាបានបញ្ចេញម៉ូដែលពិសេស ផលិតតែ ១គ្រឿងគត់ ជាមួយនឹងជម្រើសម៉ាស៊ីនមិនធម្មតា។
ជាទូទៅ រថយន្ត Aznom Palladium ទាំងអស់ ត្រូវបានផលិតផ្អែកតាមរថយន្ត RAM 1500 ហើយមានបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៧០០សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ។ កម្លាំងប៉ុណ្ណេះ អាចឲ្យ SUV ដ៏ធំខាងលើ រត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណាក៏ដោយ កម្លាំង ៧០០សេះនេះ នៅមិនគ្រប់គ្រាន់ឡើយសម្រាប់អតិថិជនម្នាក់ រហូតធ្វើឲ្យក្រុមហ៊ុន Aznom សម្រេចចិត្តបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 ឲ្យទៅ Palladium សម្រាប់ធ្វើជាម៉ូដែលពិសេស one-off តែម្តង។
ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 ខាងលើ បានបំពាក់ជាមួយនឹង turbocharger ចំនួន ២ ដែលអាចឲ្យវាបង្កើតកម្លាំងបានសរុប ៨៥០សេះ និងកម្លាំងរមួល ១ ០៥០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរដូចគ្នាដែរ។ Aznom មិនបានបញ្ជាក់ពីល្បឿនពី ០-១០០ របស់វាទេ ប៉ុន្តែបង្ហាញថា វាមានល្បឿន Top Speed ដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Aznom នឹងផលិតរថយន្ត Palladium តែ ១០គ្រឿងគត់ ហើយក្នុងនោះមានតែ ១គ្រឿងប៉ុណ្ណោះ នឹងប្រើម៉ាស៊ីន twin-turbo ចំណុះ ៦,៤លីត្រ Hemi V8 ខណៈតម្លៃរបស់វាយ៉ាងហោចណាស់ ១,៥លានដុល្លារឯណោះ៕