ក្រុមហ៊ុន Toyota បានបញ្ចេញលក់រថយន្ត Corolla Cross ជាផ្លូវការនៅប្រទេសវៀតណាម ក្រោយពីបានប្រកាសចេញលក់នៅប្រទេសថៃបានមិនដល់មួយខែផង។
រថយន្តដែលដាក់លក់នៅវៀតណាម មានចំនួនបីប្រភេទ ដែលក្នុងនោះមានប្រភេទ 1.8G ប្រភេទ 1.8V និងប្រភេទ 1.8HV។ ប្រភេទ 1.8G និង 1.8V មានប្រើប្រាស់ម៉ាស៊ីន ១,៨លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៣៨សេះ។ ចំណែក 1.8HV វិញមានបំពាក់ម៉ាស៊ីន Hybrid ដោយម៉ាស៊ីនសាំង ១,៨លីត្រ ផលិតកម្លាំងបាន ៩៧សេះ ហើយមានម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៧២សេះ។
រថយន្ត Corolla Cross ប្រភេទ 1.8V និង 1.8HV នឹងដាក់លក់នៅវៀតណាមចាប់ពីថ្ងៃទី១៥ ខែសីហា ដោយប្រភេទ 1.8V មានតម្លៃប្រមាណ ៣៥ ៤៤៤ដុល្លារ និងប្រភេទ 1.8HV មានតម្លៃប្រមាណ ៣៩ ៣៣០ដុល្លារ។ ចំពោះប្រភេទ 1.8G មានតម្លៃប្រមាណ ៣១ ១១៨ដុល្លារ រំពឹងថានឹងលក់នៅក្នុងខែកញ្ញា។ តម្លៃរបស់ Corolla Cross នៅវៀតណាមហាក់មិនខុសពីប្រទេសថៃប៉ុន្មានឡើយ ដែលនៅថៃមានតម្លៃចន្លោះពីប្រមាណ ៣០ ៩៣២ដុល្លារ ទៅប្រមាណ ៣៨ ៦៧៧ដុល្លារ៕