ឡានតូចជាងគេរបស់ Audi ត្រៀមចូលផ្នូរឆាប់ៗ

រថយន្ត Audi A1 ជំនាន់ទីមួយបានប្រកាសចេញកាលពីឆ្នាំ២០១០ ដែលជារថយន្តតូចជាងគេបំផុតរបស់ Audi ហើយជំនាន់ទីពីរបានប្រកាសចេញកាលពីឆ្នាំ២០១៨ ដែលរថយន្តទាំងពីរជំនាន់នេះមិនមានដាក់លក់នៅច្រើនទីផ្សារនោះទេ។

សារព័ត៌មាន Automotive News Europe បានបញ្ជាក់ជាមួយនឹងនាយកប្រតិបត្តិ Audi លោក Markus Duesmann ថានឹងមិនមានរថយន្ត A1 ជំនាន់ទីបីនោះឡើយ ដែលមានន័យថារថយន្តនេះនឹងត្រូវក្ស័យសង្ខារឆាប់ៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលដែលរថយន្ត A1 បញ្ឈប់ការផលិត រថយន្ត Audi Q2 ទំនងជាក្លាយរថយន្តប្រភេទ Entry ជំនួសវិញ ដោយសារតែ Audi មិនមានគោលបំណងផលិតរថយន្តដែលមានទំហំតូចជាងនេះឡើយ។

ទាក់ទងនឹងរថយន្តម៉ូដែលដទៃទៀត នៅត្រឹមឆ្នាំ២០៣០ លោក Duesmann រំពឹងថាសែស្រឡាយរថយន្តរបស់ Audi នឹងមានជម្រើសប្រើថាមពលច្រើនប្រភេទដោយផ្អែកលើទីផ្សារនីមួយៗ។ ខណៈដែល Audi រំពឹងថារថយន្តប្រើម៉ាស៊ីនពីស្តុងនឹងមានចំណែកតិចជាង ២០% នៃចំនួនលក់សរុបនៅអឺរ៉ុបនោះ ស្ថានភាពអាចខុសគ្នាសម្រាប់ទីផ្សារប្រទេសចិន និងអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម