ក្រុមហ៊ុន Lordstown Motors បានប្រកាសឲ្យដឹងថាខ្លួនទទួលបានការកក់ទិញទុកមុនលើសពី ១០ម៉ឺនគ្រឿង សម្រាប់រថយន្តភីកអាប់អគ្គិសនីម៉ូដែល Endurance របស់ខ្លួន ដែលជាជោគជ័យមួយសម្រាប់ក្រុមហ៊ុន។
រថយន្ត Endurance អាចបើកបរបានចម្ងាយបានដល់ ៤០២គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ ដែលវាអាចផលិតកម្លាំងបាន ៦០០សេះ និងអាចសណ្ដោងបានទម្ងន់ដល់ទៅ ៣៤០០គីឡូក្រាម ហើយមានប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំងបួនទៀតផង។
បច្ចុប្បន្នក្រុមហ៊ុន Lordstown Motor កំពុងតែធ្វើការសាកល្បងរថយន្ត Endurance នៅឡើយ ហើយគម្រោងការចាប់ផ្ដើមការផលិតនៅក្នុងខែកញ្ញា គឺមិនមានការផ្លាស់ប្ដូរនោះទេ។ គួរដឹងថារថយន្ត Endurance នេះគឺមានតម្លៃចាប់ផ្ដើមពី ៤៥ ០០០ដុល្លារ។
ក្រុមហ៊ុននឹងផលិតរថយន្ត Endurance នៅរោងចក្ររបស់ក្រុមហ៊ុន General Motors នៅក្នុងភូមិ Lordstown នៃរដ្ឋ Ohio ដែលបានជួលពីក្រុមហ៊ុន GM ក្រោយក្រុមហ៊ុន GM បញ្ឈប់ការផលិតរថយន្ត Chevrolet Cruze នៅទីនោះ៕