ឡានអគ្គសិនី Hatchback ដំបូងរបស់ Opel ប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Opel បានបង្ហាញចេញរថយន្ត Hatchback ខ្នាតតូចប្រភេទអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ក្នុងនាមជារថយន្តម៉ូដែល Astra Electric និង Astra Sports Tourer Electric ដែលផលិតចេញពីប្រភេទប្រើម៉ាស៊ីនពីស្តុង ហើយប្រព័ន្ធអគ្គិសនីរបស់វាដូចគ្នាទៅនឹងរថយន្ត Peugeot E-308។

រថយន្តអគ្គិសនីនេះមានបំពាក់នូវម៉ូទ័រអគ្គិសនីមួយនៅខាងមុខដែលអាចផលិតកម្លាំងបាន ១៥៤សេះ ដូចគ្នានឹងរថយន្ត Peugeot E-308 ប៉ុន្តែកម្លាំងបង្វិលមានការកើនឡើង ១០Nm។ អ្នកបើកបរទទួលបានមុខងារបើកបរចំនួនបីរួមមាន Eco, Normal និង Sport ដោយល្បឿនអតិបរមាបានកំណត់ត្រឹម ១៧០គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយចំណុះ ៥៤kWh ដែលបំពាក់លើរថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានចម្ងាយ ៤១៦គ.ម ទាំងសម្រាប់ប្រភេទធម្មតា និងប្រភេទ Sports Tourer ហើយការសាកភ្លើងតាមរយៈដុំសាកល្បឿនលឿន ១០០kWh អាចសាកថាមពលឡើងដល់ ៨០% ក្នុងពេលត្រឹម ៣០នាទី។

រថយន្តអគ្គិសនីនេះនឹងចូលរួមជាមួយរថយន្ត Astra ប្រភេទប្រើប្រេងសាំង និងប្រភេទ PHEV នៅឆ្នាំ២០២៣ខាងមុខ ដោយការកុម្ម៉ង់នឹងចាប់ផ្ដើមបើកទទួលនៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២៣ ជាមួយតម្លៃនឹងត្រូវប្រកាសចេញនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម