ក្រុមហ៊ុន Mini បានបញ្ចេញតម្លៃនៃរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន គឺ Cooper SE ដែលនឹងដាក់លក់នៅសហរដ្ឋអាមេរិក ក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខ។
រថយន្ត Mini Cooper SE ឆ្នាំ២០២០ នេះ នឹងមានតម្លៃចាប់ពី ២៩ ៩០០ដុល្លារលើទីផ្សារអាមេរិក។ វានឹងមានចំនួន ៣ម៉ូដែល ដោយប្រភេទ Base Model បំពាក់យ៉ាន់ទំហំ ១៦អ៊ីង, ចង្កៀងមុខ និងអំពូលកាត់អ័ព្ទប្រភេទ LED, អេក្រង់ទំហំ ៦,៥អ៊ីង, កុងទ័រឌីជីថល, មុខងារ Apple CarPlay, Bluetooth, កាមេរ៉ាក្រោយ, ភ្លិតទឹកអូតូ, កម្តៅកញ្ចក់ចំហៀង, កម្តៅកៅអីមុខ។
ក្នុងនោះក៏មានមុខងារ Cruise control, Active Driving Assistant with Forward Collision Warning និង Acoustic Pedestrian Warning មកស្តង់ដារដែរ។
វាប្រើម៉ាស៊ីនដែលមានកម្លាំង ១៨១សេះ, ប៉ុងមួយវិលកង់មុខ, អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
កញ្ចប់អាគុយកម្លាំង ៣២គីឡូវ៉ាត់ម៉ោងរបស់វា អាចគាំទ្រការសាកភ្លើងកម្លាំង ៧,៤គីឡូវ៉ាត់ ដោយត្រូវចំណាយពេល ៤ម៉ោងដើម្បីសាកភ្លើងនៅផ្ទះឲ្យបាន ៨០%។ សាកភ្លើងមួយពេញវាអាចរត់បានចម្ងាយចន្លោះពី ២៣៥ ទៅ ២៧០គីឡូម៉ែត្រ៕