ឡានអគ្គិសនី XPeng សាកភ្លើង៥នាទី ជិះបាន២០០គ.ម សាកពេញជិះបាន ៧០០គ.ម

[ទីផ្សារបរទេស] រថយន្តអគ្គិសនី XPeng G9 បានបង្ហាញវត្តមានកាលពីអំឡុងចុងឆ្នាំ២០២១ ហើយពេលនេះ​លក្ខណៈ​សម្បត្តិ​នៃ​អាគុយ​និងចម្ងាយរបស់វាត្រូវបានបែកធ្លាយលើអនឡាញ តាមរយៈ​ក្រសួង​ឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន។

តាមព័ត៌មានបែកធ្លាយ បង្ហាញថារថយន្ត G9 អាចបើកបរបានចម្ងាយពី ៦៥០គីឡូម៉ែត្រ ដល់ ៧០២គីឡូម៉ែត្រ ពេលសាក​ភ្លើង​ពេញ ខណៈដែលអាគុយគឺមានចំណុះ ៩៦kWh។ គួររំលឹកថារថយន្ត G9 នេះមានប្រើប្រាស់បច្ចេកវិទ្យា​អាគុយ XPower 3.0 ដែល​មាន​សមត្ថភាព​អាច​សាក​ភ្លើងលឿន ដោយសាកភ្លើង៥នាទី អាចឲ្យរថយន្តបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត XPeng G9 មានចែកចេញជាពីរប្រភេទ ដោយប្រភេទទីមួយគឺប្រើប្រាស់​ម៉ូទ័រអគ្គិសនីមួយ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​អាច​ផលិតកម្លាំងបាន ៣១៣សេះ។ មួយទៀតគឺជាប្រភេទ Performance ដែល​ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ អាចផលិត​កម្លាំងបាន ៥៥១សេះ ដោយរថយន្តកម្លាំងខ្លាំង​មានចម្ងាយបើកបរ ៦៥០គ.ម ខណៈដែលរថយន្តកម្លាំងខ្សោយជាង មានចម្ងាយបើកបរ ៧០២​គ.ម​។

XPeng និយាយថារថយន្ត G9 អាចនឹងបើកលក់មុននៅក្នុងខែសីហា ឆ្នាំ២០២២នេះ ហើយ​នៅ​ខែកញ្ញានឹងចាប់​ផ្ដើម​មាន​វត្តមាន​នៅ​តាម​ទីផ្សារ។ ចំពោះតម្លៃ គេនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ XPeng ធ្លាប់បានហៅរថយន្ត G9 ថាជា SUV អគ្គិសនី​ល្អ​ដាច់​គេដែលមានតម្លៃក្រោម ៥០ម៉ឺនយ័ន ឬស្មើប្រមាណ ៧៤ ៧០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម