ឡានអគ្គិសនី Zeekr 001 មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូការ សាកភ្លើងម្តងជិះបានលើស ១ ០០០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 001 ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៤៣ ៥០០ ដុល្លារ ដល់ ៥៥ ៩០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

ចំនុចលេចធ្លោរបស់ Zeekr 001 ថ្មីគឺការបំពាក់នៅអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោង ជាជម្រើសមួយនៅលើម៉ូដែល WE និងសម្រាប់តែម៉ូដែលដែលបំពាក់ម៉ូទ័រចំនួន​ ១ គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីខាងក្រោយជាមួយនឹងបច្ចេកវិទ្យា Silicon Carbide technology ដែលអាចបើកបរបានចម្ងាយ ១ ០៣២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ទោះជាយ៉ាងណាក៏ដោយ ជម្រើសអាគុយនេះត្រូវបានកំណត់ត្រឹម ១​ ០០០ គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល Zeekr 001 WE គឺជាម៉ូដែលតែមួយគត់ក្នុងចំណោមម៉ូដែលទាំង ៤ ដែលត្រូវបានបំពាក់ដោយម៉ូទ័រអេគ្គិសនីចំនួន ១ សម្រាប់ប៉ុងមុខ (RWD) ដែលមានកម្លាំង ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេល ៦,៩ វិនាទី ជាមួយនឹងអាគុយស្តង់ដារទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៤១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង យោងតាមស្តង់ដារធ្វើតេស្ត CLTC ។

ចំណែកម៉ូដែលទាំង ៣ ផ្សេងទៀតត្រូវបានបំពាក់ដោយម៉ូទ័រចំនួន ប៉ុង ២ ជាមួយនឹងកម្លាំងរួមបញ្ចូលគ្នា ៥៤៤ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពី 0-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៨ វិនាទី ជាមួយនឹងចម្ងាយបើកបរពី ៥៤៦ ទៅ ៦៥៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

លើសពីនេះ Zeekr 001 ក៏មានមុខងារជាច្រើនទៀតដូចជា ទ្វារគ្មានស៊ុម ដែលអាចបើក និងបិទទ្វារទាំង ៤ ដោយស្វ័យប្រវត្តិ, ប្រព័ន្ធបើកបរប៉ុង ២ (AWD) ដែលអាចប្តូររវាងទៅជាប៉ុង ១ និងប៉ុង ២ ត្រឹមរយៈពេលតែ 0.៤ វិនាទី, កុងទ័របង្ហាញព័ត៌មានអំពីការបើកបរទំហំ ៨,៨ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១៤,៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ិញ អេក្រង់សម្រាប់អ្នកដំណើរខាងក្រោយទំហំ ៥,៧ អ៊ីញ និងដំបូលកញ្ចក់ដែលអាចកែតម្រូវដើម្បីការពារពន្លឺពីខាងក្រៅ និងការពារពន្លឺកាំរស្មី UV បានច្រើនជាង ៩៩% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម