ឡានអគ្គិសនីកម្លាំង 2000សេះ ត្រូវពន្យារពេលការបញ្ចប់ការផលិតរាប់ខែ

ក្រុមហ៊ុន​រថយន្ត Lotus បាន​បញ្ជាក់​ពី​ការ​ពន្យារ​ពេល​​បញ្ចប់​ការ​ផលិត​រថយន្ត​អគ្គិសនី​ម៉ូដែល Evija របស់​ខ្លួន ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ទូទាំង​ពិភពលោក។

រថយន្ត​ Evija មួយ​គ្រឿង ដើម​ឡើយ​រំពឹង​ថា​នឹង​​ផលិត​រួច​រាល់​នៅ​ដំណាច់​ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ដោយ​សារ​ជំងឺ​កូវីដ​១៩ និង​ការ​បិទ​ខេត្ត/ក្រុង​ផង​នោះ បាន​បង្ខំឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ធ្វើ​តេស្ត​លើ​រថយន្ត​របស់​ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Phil Popham ប្រធាន​ក្រុមហ៊ុន Lotus បាន​និយាយ​ថា ៖ “យើង​បាត់​បង់​ពេល​វេលា​ ៥​ខែ សម្រាប់​ការ​ធ្វើ​តេស្ត ដែល​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ យើង​បាន​ខក​ខាន​ការ​ធ្វើ​តេស្ត​ជា​មួយ​ធាតុ​អាកាស​ក្ដៅ​នៅ​អេស្ប៉ាញ។ រឿង​នេះ​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ដោយ​សារ​យើង​ត្រូវ​កក់​ទីតាំង​ធ្វើ​តេស្ត និង​ត្រូវ​ធ្វើ​ការ​រង់ចាំ ដោយ​សារ​ក្រុមហ៊ុន​ដទៃ​ក៏​ត្រូវ​តេស្ត​រថយន្ត​ដូច​គ្នា។”

ជា​លទ្ធផល​ការ​ដឹក​ជញ្ជូន​រថយន្ត Evija មួយ​គ្រឿង​ដំបូង​ជូន​អតិថិជន​ត្រូវ​អូស​បន្លាយ​រហូត​ដល់​អំឡុង​ពាក់​កណ្ដាល​​ឆ្នាំ ២០២១ ឯណោះ។ លោក Popham បាន​ឲ្យ​ដឹង​ថា​មាន​អតិថិជន​ប្រមាណ ៧០​នាក់ ចង់​ទិញ​រថយន្ត Evija ដែល​ពួក​គេ​សុទ្ធ​តែ​បាន​កក់​ប្រាក់​រួច​រាល់​ហើយ។

រថយន្ត Lotus Evija មាន​កំណត់​ចំនួន​ផលិត​ត្រឹម ១៣០​គ្រឿង ដោយ​នៅ​អង់គ្លេស​វា​មាន​តម្លៃ​​ប្រមាណ ២,២​លាន​ដុល្លារ។ រថយន្ត​នេះ​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ដល់ ២០០០​សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល​ក្រោម​ ៣វិនាទី និង​មាន​ល្បឿន​អតិបរមា ៣២០​គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម