ឡានអគ្គិសនីក្ដោបចំណែកទីផ្សារបានជិត ៨៤% នៅប្រទេសន័រវេស

[ទីផ្សារបរទេស] ដូចដែលបានដឹងហើយថាប្រទេសន័រវេសកំពុងតែឈានមុខគេក្នុងការផ្លាស់ប្ដូរទៅកាន់រថយន្តអគ្គិសនី ដោយ​កាលពីខែមករាកន្លងទៅនេះ ស្ទើរតែជិត៩គ្រឿង នៃរថយន្ត១០គ្រឿងថ្មី ដែលបានចុះបញ្ជីក្នុងប្រទេសនេះគឺជារថយន្តអគ្គិសនីសុទ្ធ។

ទិន្នន័យពី OFV បានបង្ហាញថាមានរថយន្តថ្មីសរុប ៧ ៩៥៩គ្រឿង បានចុះបញ្ជីកាលពីខែមករា ដោយក្នុងនោះមានចំនួន ៦ ៦៥៩គ្រឿង គឺជារថយន្តអគ្គិសនី ហើយវាមានចំណែក ៨៣,៧% នៃទីផ្សាររថយន្ត។ តួលេខនេះគឺមានកំណើន ៣០,៧% ធៀបនឹងខែមករាឆ្នាំមុន។ បន្ថែមពីនេះដែរមាន ៦,៨% នៃរថយន្តថ្មីដែលលក់ចេញគឺជាប្រភេទ PHEV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្តម៉ាស៊ីនសាំង និងម៉ាស៊ូតដែលលក់ចេញគឺមានសរុប ៣៨៧គ្រឿង ដោយក្នុងនោះរថយន្តម៉ាស៊ីនសាំងគឺមានចំនួន ១៧៥គ្រឿង ប៉ុណ្ណោះ។

រថយន្តដែលលក់ដាច់ជាងគេនៅន័រវេសកាលពីខែមុនគឺរថយន្ត Audi Q4 e-tron លក់បាន ៦៤៣គ្រឿង បន្ទាប់មកគឺ Hyundai Ioniq 5 លក់បាន ៤៧៧គ្រឿង និងរថយន្ត BMW iX លក់បានចំនួន ៤៤៤គ្រឿង។

ដោយឡែកបើគិតជាក្រុមហ៊ុនវិញ Audi លក់រថយន្តអគ្គិសនីបានច្រើនជាងគេដោយលក់បាន ៩៥២គ្រឿង បន្ទាប់មកគឺ Hyundai លក់បាន ៧០៤គ្រឿង និងតាមពីក្រោយដោយ Volkswagen ជាមួយចំនួនលក់ ៦៥៩គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម