[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានចាប់ផ្តើមផលិតនៅរថយន្តអគ្គិសនី GMC Hummer EV ប្រភេទ SUV កៅអី ៣ ជួរ ហើយរថយន្តដំបូងបំផុតនឹងដាក់លក់ដេញថ្លៃនៅ Barrett Jackson ដោយរំពឹងថាអាចនឹងលក់ដេញថ្លៃបានក្នុងតម្លៃខ្ទង់រាប់លានដុល្លារដូចភីកអាប់របស់ខ្លួន។
ភីកអាប់ GMC Hummer EV ដំបូងបំផុតដែលមានលេខកូដ VIN 001 លក់ដេញថ្លៃបានក្នុងតម្លៃ ២,៥ លានដុល្លារ ហើយប្រាក់ចំណូលបានផ្តល់ជាមូលនិធិដល់ Stephen Siller Tunnels to Towers Foundation ។ ខណៈ ប្រាក់ចំណូលនៃការលក់រថយន្ត Hummer EV ប្រភេទ SUV ដែលមានលេចកូដ VIN 001 នឹងផ្តល់ទៅមូលនិធិដល់ក្រុមហ៊ុន Tread Lightly Inc ។
សម្រាប់រថយន្តអគ្គិសនី GMC Hummer EV SUV ឆ្នាំ ២០២៤ នឹងមានកម្លាំងម៉ាស៊ីនខ្លាំងដូចបងរបស់ខ្លួន ដោយប្រើម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៨៣០ សេះ ។ ដូចទៅនឹងរថយន្តភីកអាប់ដែរ រថយន្តប្រភេទ SUV នេះបំពាក់នៅចង្កូត four-wheel steering និងប្រព័ន្ធ ‘Crab Walk’ ដើម្បីជួយបើកបរក្នុងស្ថានភាពលំបាកៗនៅតាមផ្លូវ។
រថយន្ត Hummer EV SUV នេះគឺជាផ្នែកមួយនៃម៉ូដែលបិសេស Edition 1 ដែល GMC បានដាក់លក់ក្នុងតម្លៃចេញពីរោងចក្រ ១០៥ ៥៩៥ ដុល្លារ។ ខណៈម៉ូដែល ដែលមានបំពាក់ជាមួយនឹងកញ្ចប់ Extreme Off-Road មានតម្លៃលក់ចាប់ពី ១១០ ៥៩៥ ដុល្លារ ដោយបានបន្ថែមថាសកង់ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ mud-terrain ទំហំ ៣៥ អ៊ីញ កាងការពារផ្នែកចំហៀង ប៉ុងប្រភេទ heavy-duty ball-spline half shafts និងកាំមេរាបង្ហាញបាតក្រោមជាដើម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GMC នឹងធ្វើការដាក់លក់ដេញថ្លៃនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ នៅឯកម្មវិធិការដេញថ្លៃរថយន្ត Barrett-Jackson នៅ Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក៕