[បរទេស] រថយន្តអគ្គិសនីសុទ្ធ Changan Deepal E07 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV-Pickup បានបង្ហាញនៅឯពិព័រណ៍រថយន្ត Motor Expo 2024 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃលក់ផ្លូវការវចាប់ពី ៤៩ ៥៣៣ ដុល្លារ ដល់ ៦០ ៩៣២ ដុល្លារ ។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ៣៤២ សេះ និងកម្លាំងរមួល ៣៦៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៨៩,៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបាន ៥៩៨ សេះ និងកម្លាំងរមួល ៦៤៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៨៩,៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មពីស្ថានីយល្បឿនលឿនប្រើរយៈពេល ៣០នាទី
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយ LED រចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២១ អ៊ីញ និងឃ្លុបខាងក្រោយដ៏ធំអាចបើកបិតដូចជារថយន្តភីកអាប់។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ touchscreen ទំហំ ១៥,៤ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេង ១៨ ចំនុច រួមទាំងមុខងារផ្សេងៗជាច្រើន៕