[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mahindra បានធ្វើការបានធ្វើការបង្ហាញចេញជាផ្លូវការរថយន្តអគ្គិសនីសុទ្ធ Mahindra XUV400 ប្រភេទ SUV ដែលជាដៃគូប្រគួតប្រជែងជាមួយរថយន្តអគ្គិសនី Tata Nexon និង MG ZS និងបើកទទួលការកក់ទុកមុន ក៏ដូចជាការប្រកាសតម្លៃ និងការដឹកជញ្ចូននៅខែមករា ឆ្នាំ ២០២៣ សម្រាប់ទីផ្សារប្រទេសឥណ្ឌា។
Mahindra XUV400 មានប្រវែងតួខ្លួនសរុប ៤ ២០០ ម។ម ទទឹង ១ ៨២១ ម.ម កំពស់ ១ ៨២១ ម.ម និងប្រវែងគន្លាតកងមុខក្រោយ ២ ៦០០ ម.ម ។ សម្រាប់ការរចនាខាងក្រៅ មានបំពាក់ជាមួយប៉ាណាមុខបិទជិតរាងជាអក្សរ X និងមានឡូហ្គោនៅចំកណ្តាល អបដោយចង្កៀងមុខប្រភេទ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ផងដែរ។ ខណៈនៅផ្នែកចំហៀងមានបំពាក់ដោយថាសកង់ស្ព័រទំហំ ១៦ អ៊ីញ និងចង្កៀងក្រោយប្រើប្រាស់ជាមួយអំពូល LED ដោយបានរចនាជារាងក្បាលព្រួញ។
រីឯនៅខាងក្នុងវិញ មានបំពាក់ជាមួយដៃចង្កូតប្រភេទ 3-spoke, កុងទ័រព័ត៌មានឌីជីថល MID និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, មុខងារ over-the-air, រន្ធម៉ាស៊ីនត្រជាក់រចនាបែបបញ្ឈរ និងពោងសុវត្ថិភាពចំនួន ៦ ចំនុចជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៥០ ញ៉ូតុនម៉ែត្រ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៩,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕