[ទីផ្សារបរទេស] រថយន្ត Kia Carens ស៊េរីឆ្នាំ២០២២ បានប្រកាសចេញលក់ជាផ្លូវការនៅប្រទេសឥណ្ឌូណេស៊ី ដែលជាការចេញលក់ដំបូងសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ ហើយវានឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់រថយន្ត Mitsubishi Xpander, Toyota Veloz Cross និង Suzuki XL7 ផងដែរ។
នៅប្រទេសឥណ្ឌូណេស៊ី រថយន្ត Kia Carens មានចែកចេញជាពីរប្រភេទ ដោយប្រភេទស្តង់ដារ 1.5MPI មានតម្លៃចាប់ពីប្រមាណ ២៦ ៥០០ដុល្លារ និងមួយទៀតគឺជាប្រភេទ Premium 1.4T មានតម្លៃចាប់ពីប្រមាណ ៣០ ៦០០ដុល្លារ។
រថយន្តទាំងពីរប្រភេទមានបំពាក់មកជាស្តង់ដារនូវយ៉ាន់ទំហំ ១៦អ៊ីញ, កំពូលភ្លើងប្រភេទ LED សុទ្ធ, កញ្ចក់មើលចំហៀងជាប្រភេទអេឡិចត្រូនិក, ដំបូលកញ្ចក់អេឡិចត្រូនិក និងមានប្រើប្រាស់បូមមុខក្រោយប្រភេទ McPherson ទៀតផង។
ផ្នែកខាងក្នុងវិញមានកៅអីត្រជាក់, ភ្លើងបំភ្លឺខាងក្នុង, កុងទ័រ LCD ទំហំ៤,២អ៊ីញ, ប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ៨អ៊ីញ មានមុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសំឡេងចំនួន៨ជាម៉ាក Bose, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងមានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែផងដែរ។
សម្រាប់ប្រភេទស្តង់ដារ មានបំពាក់កៅអីអង្គុយចំនួន៧ ចំណែកប្រភេទ Premium មានកៅអីអង្គុយចំនួន៦ប៉ុណ្ណោះ។ រថយន្តទាំងពីរសុទ្ធតែមានប៊ូតុងដែលអាចចុចទម្លាក់កៅអីអង្គុយជួរទីពីរ ដើម្បីអាចដើរចូលកៅអីអង្គុយជួរទីបីបានយ៉ាងងាយ។
គួរដឹងថាប្រភេទ 1.5MPI មានប្រើប្រាស់ម៉ាស៊ីន Smartstream Gamma II ចំណុះ១,៥លីត្រ ៥ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣សេះ និងប្រើប្រព័ន្ធបើកបរប៉ុងមុខ ចំណែកប្រភេទ 1.4T ប្រើម៉ាស៊ីន Kappa ចំណុះ១,៤លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged អាចផលិតកម្លាំងបាន ១៣៨សេះ៕