
អ្នកបើកបររថយន្តអគ្គិសនី បានបង្ហាញពីភាពពេញចិត្តសប្បាយរីករាយយ៉ាងខ្លាំង ជាងអ្នកបើកបររថយន្តចំហេះក្នុង ហើយមិនតែប៉ុណ្ណោះ បើទិញរថយន្តក្រោយៗទៀត ក៏ពួកគេនៅតែចង់ទិញរថយន្តអគ្គិសនីមកប្រើប្រាស់ទៀតដែរ។ នេះបើតាមការសិក្សាស្រាវជ្រាវអំពី Automotive Performance, Execution and Layout ឆ្នាំ២០២៦ របស់ក្រុមហ៊ុន JD Power ដែលផ្តោតទៅលើកម្រិតនៃអារម្មណ៍រំភើបរបស់អ្នកបើកបរជាមួយនឹងរថយន្តថ្មីៗរបស់ពួកគេ។
ការសិក្សានេះ បានរកឃើញថា រថយន្តអគ្គិសនី ត្រូវបានទទួលការពេញចិត្តស្ទើគ្រប់ចំណុចទាំងអស់ ជាងរថយន្តចំហេះក្នុង ដែលជាប្រភេទ សាំង ម៉ាស៊ូត និង Hybrid។

ចំណុចទាក់ទាញដ៏ធំបំផុតសម្រាប់រថយន្តអគ្គិសនីនោះ គឺពាក់ព័ន្ធនឹងកម្លាំងសន្ទុះរថយន្ត ដោយសារតែដំណើរការរលូនល្អ ឬ smooth ខ្លាំងពេក និងស្ងាត់។ ក្រៅពីនេះ គឺពាក់ព័ន្ធនឹងការបញ្ឆេះរថយន្ត ចេញចូលរថយន្ត អារម្មណ៍បើកបរ និងការបើកបរប្រកបដោយផាសុខភាព ការឌីហ្សាញក្នុងផ្នែកកាប៊ីន ប្រព័ន្ធកម្សាន្ត និងការសន្សំសំចៃ។
សូមជម្រាបថា ការសិក្សានេះ ក្រុមហ៊ុន JD Power បានធ្វើការស្ទង់មតិទៅលើអ្នកបើកបរចំនួន ៧៨ ៥១៤នាក់ ដែលជាម្ចាស់រថយន្តស៊េរីឆ្នាំ២០២៦ អំពីភាពពេញចិត្តនៃការប្រើប្រាស់រថយន្តរយៈពេល៩០ថ្ងៃដំបូងរបស់ពួកគេ។
សំណួរទៅកាន់ម្ចាស់រថយន្តទាំងនោះ ពាក់ព័ន្ធនឹងចំណាប់អារម្មណ៍ចាប់តាំងពីចូលក្នុងរថយន្ត ពេលអង្គុយ និងពេលជាន់ហ្គែរជាដើម។ មិនតែប៉ុណ្ណោះ ការស្ទង់មតិនេះ ក៏បានរកឃើញទៀតដែរថា ម្ចាស់រថយន្តអគ្គិសនីទាំងនោះ នឹងមិនវិលត្រឡប់ទៅប្រើរថយន្តចំហេះក្នុងវិញឡើយ ហើយបើមានលទ្ធភាព គឺចង់ទិញរថយន្តអគ្គិសនីថែមមួយទៀតតែម្តង៕




















