[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសចេញនូវរថយន្ត Ford Ranger ជំនាន់ថ្មី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយក៏មានព័ត៌មានលេចលឺថារថយន្តនេះគ្រោងនឹងទទួលបាននៅជម្រើសកូនកាត់ Plug-in Hybrid នៅក្នុងរយៈពេល ១២ខែខាងមុខនេះ នេះបើយោងតាម Australia’s Drive ហើយក៏បានអះអាងថាជាផែនការ “សម្ងាត់បំផុត” របស់ក្រុមហ៊ុន Ford ក្នុងការផលិតរថយន្ត Ranger អគ្គិសនី។
ជាក់ស្តែងព័ត៌មានដែលស្រង់ចេញពី Drive បាននិយាយថាសម្រាប់កំណែលើរថយន្តភីកអាប់អគ្គិសនីធុនមធ្យមនេះ នឹងមកដល់ក្នុងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២៤នេះ ហើយមកជាមួយម៉ាស៊ីនសាំងជាប្រភេទ EcoBoost មានចំណុះ ២,៣លីត្រ ព្រមទាំងប្រើប្រាស់ម៉ូទ័រអគ្គីសនីមួយឬ ពីរ។ ប៉ុន្តែក្រុមហ៊ុន Ford មិនទាន់បានបញ្ជាក់អំពីព័ត៌មាននេះឲ្យលម្អិតនៅឡើងទេ។
តួយ៉ាងសម្រាប់ ទិន្នផលថាមពលម៉ាស៊ីនសរុប ហើយរយៈពេលក្នុងការបើកបររថយន្តអគ្គសនីនេះក៏មិនទាន់លេចឮនៅឡើយទេ។ ប៉ុន្តែសម្រាប់ម៉ាស៊ីនស្តង់ដារប្រើប្រាស់ម៉ាស៊ីន ៤ស៊ីឡាំង មានចំណុះ ២,៣លីត្រ ជំនួយដោយប្រពន្ធ័ Turbochanged អាចផលិតកម្លាំងបាន ២៧០សេះនឹងមានកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ នៅក្នុងទីផ្សារប្រទេសអាមេរិក។
បន្ថែមពីនេះ ព័ត៌មានចេញដោយ CarBuzz ពីមុនបាននិយាយថារថយន្ត Ford Ranger អគ្គិសនីនេះ ត្រូវបានគេរំពឹងថាបង្កើនថាមពលដែលអាចផលិតកម្លាំងបាន ៣៦២សេះ និងកម្លាំងរមួល ៦៩១ញ៉ុតុនម៉ែត្រហើយតួលេខនេះមិនទាន់បញ្ជាក់នៅឡើយទេ។ម៉្យាងទៀតបើយើងត្រលប់ទៅមើលក្នុងខែមេសាឆ្នាំ២០២២វិញ លោកប្រធានវិស្វករសកលរបស់ក្រុមហ៊ុន Ford មានឈ្មោះ Ian Foston បាននិយាយថា Ford មានលទ្ធភាពក្នុងការផ្តល់ជូនរថយន្ត Ford Ranger អគ្គិសនី។ លោកបានបន្តទៀតថាម៉ាកយីហោ Blue Oval នឹងពិចារណាក្នុងការផលិតរថយន្ត Hybrid និង Ranger អគ្គសនីឡើង បើសិនជាមានការគាំទ្រក្នុងទីផ្សារច្រើន៕