[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការប្រកាសថាពួកគេនឹងចាប់ផ្តើមទទួលយកការកក់ទុកសម្រាប់រថយន្ត Integra ស៊េរីឆ្នាំ ២០២៣ នៅថ្ងៃទី ១០ ខែមីនា។ ក្នុងនោះក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានលម្អិតច្រើននោះទេ ប៉ុន្តែបានស្នើឲ្យអតិថិជនធ្វើការកក់ឲ្យបានលឿន ព្រោះរថយន្តនេះ “ចំនួនមានកំណត់” ដែលនឹងចេញលក់នៅនិទាឃរដូវខាងមុខនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ ប៉ុន្តែរថយន្ត Integra ស៊េរីឆ្នាំ ២០២៣ ទ្វា៥ មានតម្លៃចាប់ផ្តើមប្រហែល ៣០ ០០០ ដុល្លារ។ ស្របពេលដែល Acura មិនបានបង្ហាញម៉ូដែលផលិតកម្មសម្រេចនៃរថយន្តនេះ ខណៈម៉ូឌែលគំរូបានបង្ហាញកាលពីខែវិច្ឆិកាមុនកន្លងទៅ។
ចំពោះរថយន្ត Integra ទទួលយកការរចនាដោយប្រើភាសារចុងក្រោយបង្អស់របស់ Acura ព្រោះវាមានលក្ខណៈពិសេសផ្នែកខាងមុខបែបស្ព័រ ជាមួយនឹងប៉ាណាមុខ Diamond Pentagon, ចង្កៀងមុខ JewelEye ប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Chicane ប្រភេទ LED, ឡូហ្គោ Integra នៅក្រោមចង្កៀងខាងមុខអ្នកបើកបរ និងនៅចំហៀងចង្កៀងក្រោយអ្នកធ្វើដំណើរ។
សម្រាប់ផ្នែកខាងក្នុងការរចនាមើលទៅដូចទៅនឹងរថយន្ត Civic ដោយគំរូរថយន្តនេះមានបំពាក់ស្បែកពីរពណ៌ two-tone, អេក្រង់កម្សាន្ត freestanding និងរន្ធម៉ាស៊ីនត្រជាក់ដែលមានរចនាសំណាញ់ស្រដៀងនឹង Civic ផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តនេះនឹងបំពាក់ម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធចាក់សោរប៉ុងផងដែរ៕