កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញនូវប្រព័ន្ធបើកបរដោយពុំប្រើដៃ ឬ Hands-free Driving System របស់ខ្លួន ដែលមានឈ្មោះថា BlueCruise។ ស្រាប់តែពេលនេះក្រុមហ៊ុន GM បានធ្វើការប្តឹងប្រឆាំងនឹងប្រព័ន្ធ BlueCruise របស់ Ford ព្រោះពួកគេជឿថាឈ្មោះនេះរំលោភលើប្រព័ន្ធ SuperCruise ដែលវាមានភាពស្រដៀងគ្នារបស់ពួកគេ។
ខណ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមានការជជែកគ្នាជាបន្តបន្ទាប់ស្តីពីបញ្ហារវាងក្រុមហ៊ុនយក្សរថយន្តទាំង ២នេះ ទីបំផុតត្រូវបញ្ចប់ដោយក្រុមហ៊ុន GM ដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Ford ដោយផ្អែកលើការរំលោភពាណិជ្ជសញ្ញា ដោយករណីនេះនឹងត្រូវបញ្ជូនទៅរសហព័ន្ធតុលាកាសហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៌មួយដែលបានចេញបន្ទាប់ពីការដាក់ពាក្យរួចបាននិយាយថា“ បច្ចេកវិទ្យាជំនួយការបើកបររ SuperCruise របស់ក្រុមហ៊ុន GM ត្រូវបានប្រកាសនៅក្នុងឆ្នាំ ២០១២ ហើយត្រូវបានប្រើប្រាស់ក្នុងទីផ្សារពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ២០១៧ ។ សង្ឃឹមថានឹងដោះស្រាយបញ្ហារំលោភពាណិជ្ជសញ្ញាជាមួយក្រុមហ៊ុន Ford ត្រូវបានដោះស្រាយ។ យើងមិនមានជំរើសក្រៅពីការពារម៉ាក, ការពារផលិតផល និងបច្ចេកវិទ្យាដែលយើងបង្កើតក្នុងរយៈពេលជាច្រើនឆ្នាំនៅលើទីផ្សារ។ ដោយសារនេះជាបញ្ហានៃបណ្តឹងដែលមិនទាន់សម្រេចយើងមិនមានយោបល់អ្វីបន្ថែមទៀតទេនៅពេលនេះ។
យោងតាមអ្នកនាំពាក្យរបស់ Ford លោក Mike Levine បាននិយាយថា៖ យើងគិតថាការអះអាងរបស់ GM វាពិតជាគួរអោយអស់សំណើចណាស់ ខណ:ពេលអ្នកបើកបរជាច្រើនឆ្នាំ បានយល់ពីអ្វីដែល Cruise Control។ ដូច្នេះហើយ BlueCruise ត្រូវបានជ្រើសរើសជាឈ្មោះបន្ទាប់នៃការនៃមុខងារឈ្លាសវៃរបស់ Adaptive Cruise Control ដែលរួមបញ្ជូល Hands-free blue zone និងមុខងារ Adaptive Cruise Control។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រព័ន្ធបើកបរដោយមិនប្រើប្រាស់ដៃ ឬ ស្វ័យប្រវត្តិ SuperCruise បានបំពាក់នៅលើរថយន្ត Cadillac Escalade តែប៉ុណ្ណោះ ប៉ុន្តែ GM គ្រោងនឹងបំពាក់បន្ថែមលើរថយន្ត ២២ម៉ូឌែលនៅចុងឆ្នាំ ២០២៣ខាងមុខនេះ ខណ:ពេល BlueCruise នៅពុំទាន់បានបំពាក់នៅលើរថយន្តម៉ូឌែលណាមួយរបស់ Ford នៅឡើយ ប៉ុន្តែគ្រោងនឹងបំពាក់លើរថយន្ត F-150 និង Mustang Mach-E នៅពេលប៉ុន្មានខែខាងមុខ៕