[ទីផ្សារបរទេស] ការអភិវឌ្ឍន៍រថយន្តមហាកម្លាំងរបស់ក្រុមហ៊ុន Rimac ម៉ូដែល Nevera គ្រោងនឹងបិទបញ្ចប់ឆាប់ៗនេះ ក្រោយពីការធ្វើតេស្តប៉ះទង្គិចជាមួយរថយន្តអគ្គិសនីនេះបានបញ្ចប់ជាស្ថាពរ ដោយបានចំណាយទឹកប្រាក់ជាង ២០លានដុល្លារ។
រថយន្ត Nevera បានឆ្លងកាត់ការធ្វើតេស្តប៉ះទង្គិចដើម្បីវាយតម្លៃលើសមត្ថភាពការពាររបស់វា ដោយការធ្វើតេស្តមានសរុបចំនួន ៤៥ដង ហើយរថយន្ត Nevera ចំនួន៩គ្រឿង ត្រូវបានកម្ទេចនៅក្នុងដំណើរការនៃការសាកល្បងនេះ។ គួរដឹងថា Nevera គឺជារថយន្តអគ្គិសនីមហាកម្លាំងដំបូងគេដែលបានធ្វើតេស្តប៉ះទង្គិចវាយតម្លៃសមត្ថភាពទាំងនៅអាមេរិក និងនៅអឺរ៉ុប។
រថយន្ត Rimac Nevera ត្រូវបានគេដឹងថាមានតម្លៃប្រមាណ ២,៣លានដុល្លារ ក្នុងមួយគ្រឿង ដែលមានន័យថាការធ្វើតេស្តនេះគឺបានចំណាយទឹកប្រាក់ជាង២០លានដុល្លារ ដោយគិតតែលើតម្លៃរថយន្តប៉ុណ្ណោះ។
រថយន្ត Rimac Nevera មានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបួន ដែលអាចផលិតកម្លាំងសរុបបានដល់ ១៩១៤សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ១,៨៥វិនាទី ដែលសន្ទុះនេះគឺខ្លាំងជាងរថយន្ត Tesla Model S Plaid ទៅទៀត៕