ចេញជាផ្លូវការហើយ រថយន្ត SUV ដំបូងរបស់ Aston Martin

រថយន្ត​ Aston Martin DBX ដែល​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​នោះ ត្រូវ​បាន​ក្រុមហ៊ុន​បង្ហាញ​ចេញ​រូបរាង​ជា​ផ្លូវ​ការ ដែល​នេះ​គឺ​ជា​រថយន្ត​ SUV ដំបូង​របស់​ក្រុមហ៊ុន Aston Martin។

រូបភាព​ផ្លូវ​ការ​បាន​បង្ហាញ​ថា​​ម៉ូដែល​ DBX នេះ​មាន​ការ​ឌីហ្សាញ​ខាង​មុខ មិន​ចាក​ឆ្ងាយ​ពី​រថយន្ត​ម៉ូដែល​មុនៗ​របស់​ក្រុមហ៊ុន Aston Martin នោះ​ទេ​ ជា​ពិសេស​នៅ​ត្រង់​រន្ធ​ខ្យល់​ខាង​មុខ​មាន​រាង​ដូច​មាត់​តែ​ម្ដង។ រថយន្ត​ដែល​បង្ហាញ​ក្នុង​រូបភាព​មាន​ពណ៌​ក្រហម ប៉ុន្តែ​គ្រឿង​ផ្នែក​ខាង​ក្រោម​មាន​ពណ៌​ខ្មៅ ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​ទាក់​ភ្នែក​មហាជន​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន AMG ប្រភេទ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដែល​មាន​កម្លាំង ៥៤២ សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៤,៥ វិនាទី និង​អាច​ជិះ​ដល់​ល្បឿន ២៩១ គ.ម/ម៉។

ត្បិត​ថា​​ជា​រថយន្ត​មហា​កម្លាំង​មួយ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​មាន​ការ​ឌីហ្សាញ​ពោរពេញ​ដោយ​ប្រណីតភាព​ខ្ពស់​ ដែល​ជា​ទី​កន្លែង​ពិសេស​មួយ​សម្រាប់​ចំណាយ​ពេល​។ នៅ​ពី​ក្រោយ​ចង្កូត​គឺ​មាន​កុងទ័រ​ឌីជីថល​ទំហំ ១២,៣ អ៊ីញ, នៅ​ចំ​កណ្ដាល​មាន​អេក្រង់ ១០,២៥ អ៊ីញ សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ។ រថយន្ត​នេះ​​ក៏​អាច​មុខងារ Apple CarPlay ផង​ដែរ។

អតិថិជន​នៅ​សហរដ្ឋអាមេរិក​អាច​ទិញ​រថយន្ត​ Aston Martin DBX នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី ១៨៩ ០០០ ដុល្លារ ហើយ​នៅ​ចក្រភព​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២០ ម៉ឺន​ដុល្លារ​ និង​នៅ​អាល្លឺម៉ង់​ចាប់​ពី​ជាង ២១ ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម