រថយន្ត Toyota Land Cruiser ជំនាន់បច្ចុប្បន្ននេះ បានលេចលើទីផ្សារយូរមកហើយ ពោលតាំងពីឆ្នាំ ២០០៨ មក ដោយបានផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចជារៀងរាល់ឆ្នាំ។ រថយន្ត SUV ដ៏ធន់មួយនេះ អាចនឹងទទួលបានកែមុខមាត់ម្ដងទៀត នេះបើតាមការបញ្ចេញរូប Render ពី Kolesa.ru។
រូបភាព Render នេះគឺផ្អែកលើរូបរាងពិតរបស់ Land Crusier ស៊េរីថ្មី ដែលគេលួចថតបាន។ តាមរូបភាពបង្ហាញថាការផ្លាស់ប្ដូរកើតមាននៅផ្នែកខាងមុខ ធ្វើឲ្យ Land Cruiser មានចង្កាកាន់តែជ្រុងជាងមុន ហើយផ្នែកខាងក្រោយក៏ផ្លាស់ប្ដូរបន្តិចបន្តួចផងដែរ។
រថយន្ត Land Cruiser ដែលកែរូបរាងថ្មីនេះ អាចនឹងចេញលក់ជាពិសេសសម្រាប់តំបន់មជ្ឈិមបូព៌ានិងរុស្ស៊ី។ ក្រៅពីនេះ រថយន្ត Land Cruiser ដែលមានការប្ដូររូបរាងថ្មីទាំងស្រុង រំពឹងថានឹងបង្ហាញមុខលើម៉ូដែលឆ្នាំ ២០២១។
Land Cruiser ជំនាន់ថ្មីនឹងនៅតែប្រើគ្រោងឆ្អឹងចាស់ ប៉ុន្តែចចាមអារ៉ាមនិយាយថា នឹងប្ដូរពីការប្រើម៉ាស៊ីន V8 មកប្រើម៉ាស៊ីន Twin-Turbo V6 វិញ ហើយអាចមានប្រភេទ Hybrid ទៀតផង៕